ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារ ពិភពលោក រាយការណ៍ពីវឌ្ឍនភាព ស្តីពីការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី៣

139

 

ភ្នំពេញ ៖ស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារ (តាមរយ: Zooming) ជាមួយក្រុមបេសកកម្មធនាគារ ពិភពលោក (World Bank, WB) ដើម្បីរាយការណ៍ពីវឌ្ឍនភាព ស្តីពីការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី៣ (Land Allocation for Social and Economic Development LASED III) និងលទ្ធផលនៃការបំពេញបេសកកម្ម។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានសហការជាដៃគូយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយ: ការគាំទ្រគម្រោងអភិវឌ្ឍជាច្រើនក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងធនាគារពិភពលោកបានគាំទ្រគម្រោង LASED បានអនុវត្តចប់២ជំហ៊ាន និងកំពុងបន្តជាមួយគម្រោង LASED III ដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់លើការបង្កើនជីវភាពកសិករដែលមានជីវភាពខ្វះខាត ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច ដើម្បីចូលរួមកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។

លោកស្រី ចំរើន មុទិតា ប្រធានប្រតិភូបេសកកម្ម និងជាអ្នកដឹកនាំគម្រោង LASED III របស់ធនាគារពិភពលោក បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបពិភាក្សាការងារតាមរយ: ប្រព័ន្ធពីចម្ងាយ។ លោកស្រីបានមានប្រសាសន៍ថា តាមរយ:លទ្ធផលដែលក្រុមបេសកកម្ម បានជួបជាមួយភ្នាក់ងារអនុវត្តគម្រោង របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អស់រយ:ពីរសប្តាហ៍រួចមក បានសង្កេតឃើញថា ភ្នាក់ងារអនុវត្តទាំងពីរក្រសួងបានខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្ត ទោះបី ឆ្នាំ២០២១ ជាឆ្នាំមួយដែលពិភពលោក ក៏ដូចជាកម្ពុជាបានរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីត ១៩។

លោកស្រីបានបន្ថែមថា បើពិនិត្យលើវឌ្ឍនភាពជារួម អាចវាយតម្លៃបានថាការអនុវត្តសម្រេចបានក្នុងកម្រិតទាប តែបើធៀបនឹងស្ថានភាពជាក់ស្តែងដែលរងផលប៉ះពាល់ពីជំងឺកូវីត គឺបេសកកម្មធនគារពិភពលោកអាចទទួលយកបាន និងមានការពេញចិត្តចំពោះភាពខិតខំរបស់ក្រុមការងារទាំងពីរក្រសួង។

លោកស្រីបានបញ្ជាក់ថា ចំពោះរយ:ពេលនៃការអនុវត្តក្នុងឆ្នាំបន្តបន្ទាប់ ធនាគារពិភពលោក នឹងសហការឱ្យបានកាន់តែប្រសើរឡើងជាមួយក្រុមការងារនៃក្រសួងទាំងពីរ ដើម្បីជំរុញការរៀបចំផែនការសកម្មភាព ឱ្យមានភាពជាក់ស្តែងនិយម បុរេសកម្ម និងឆ្លើយតបទៅនឹងសភាពជាក់ស្តែង ក្នុងន័យពន្លឿនការងារអនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់មន្រ្តីក្រោមឱវាទ ខិតខំរៀបចំចាត់ចែងការងារឱ្យបានម៉ត់ចត់បន្ថែមទៀត ដើម្បីបង្កើនល្បឿននៃការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់ក្រុមការងារនៃធនាគារពិភពលោក ក្នុងការសហការគ្នាឱ្យបានល្អជាមួយមន្រ្តីពាក់ព័ន្ធ និងស្នើឱ្យពិនិត្យមើលការងារដែលជាអាទិភាព ដែលអាចជួយជំរុញពន្លឿនការងារសម្រាប់ឆ្នាំក្រោយៗចាប់ផ្តើមបានលឿន។

សូមបញ្ជាក់ជូនថា៖
– គម្រោង LASED III ៖ រយៈពេល (២០២០-២០២៦) – ថវិកា ១០៧ លានដុល្លារ (៩៣លានដុល្លារ កម្ចីពី WB និង ១៤ លាន ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា)។ ខេត្តគោលដៅ ៖ ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន កសិករទទួលផលសរុប ១៥ ០០០ គ្រួសារ។

– គម្រោងអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– គម្រោងអនុវត្តដោយធ្វើសម្បទានដីសង្គមកិច្ចតាមមូលដ្ឋានឃុំ ដែលជាការផ្ទេរដី ឯកជនរបស់រដ្ឋជូនដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីប្រើប្រាស់ជាលំនៅដ្ឋាន និងការដាំដុះដំណាំ ការចិញ្ចឹមត្រី សត្វ តាមលក្ខណៈគ្រួសារ ដែលបានផ្តួចផ្តើមដោយឃុំ និងសមាជិករបស់ខ្លួនរួមមាន៖
ក- ចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្មរួមជាមួយនឹងសេវាកម្មគាំទ្រសមស្របទៅ
ដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង
ខ- ណែនាំ និងអនុវត្តដំណើរការដោយតម្លាភាព និងស្តង់ដារដើម្បីពង្រីកការអនុវត្តសម្បទានដី
សង្គមកិច្ចដែលផ្តួចផ្តើមឡើងនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង