ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ជាប្រទេស នាំមុខគេដែលផ្តល់ឱកាស ឲ្យនារីកងទ័ពមួកខៀវទៅ ចូលរួមបេសកកម្មក្រោមឆ័ត្រUN

525

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មក្រោមឆ័ត្រអង្កការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព ស្ថេរភាព សង្គម។

ការបញ្ជាក់របស់សម្តេចតេជោ ខណៈសម្តេច អបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១គឺ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។ សម្តេចបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១៤ធ្នូ ឆ្នាំ២០២១យ៉ាងដូច្នេះថា អង្គការ សហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែល ធំជាងគេបំ ផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយ សង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

សម្តេចបានលើកឡើងថាគោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរា គមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។

សម្តេចបានបញ្ជាក់ថា៖«កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល»។

សម្តេចលើកឡើងទៀតថា កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុ ទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រ ទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង