សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញស្នើរឲ្យមានការទិទៀនទៅលើមន្ត្រីអសកម្មមួយចំនួនដោយចំហរ
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងពីការពង្រឹងការអនុវត្តការងារ ហើយក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវតែមានតួនាទីទិទៀនដោយចំហរទៅលើមន្ត្រីណាដែលមានភាពអសកម្មក្នុងការងារដើម្បីពង្រឹងតួនាទីក្នុងការអនុវត្តភារកិច្ចរបស់មន្ត្រីអសកម្មទាំងនោះឲ្យមានប្រសិទ្ធភាពឡើង។
លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលស្គាល់ថា សមាជិកក្រុមប្រឹក្សាមានសិទ្ធក្នុងការទិទៀនកែលំអរលើមន្ត្រីណាដែលអសកម្មការងារ។តែការទិទៀននោះត្រូវធ្វើក្នុងកំរិតអង្គប្រជុំចង្អៀត។
លោកប្រធានក្រុមប្រឹក្សាបានថ្លែងទៀតថា កន្លងមកការប្រាស្រ័យទាក់ទងជាមួយអ្នកធ្វើការងារជាមួយ ឬជាមួយប្រជាពលរដ្ឋរបស់មន្ត្រីខ្លះនៅមានកំរិត ដូច្នេះសុំឲ្យមានការប្តូរឥរិយាបថនេះចេញ ។
អង្គប្រជុំការបានសំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញអនុវត្តប្លង់មេចរាចរក្នុងទីក្រុងដែលមានការសិក្សារួចមកហើយ គឺត្រូវអនុវត្តជាក់ស្តែងកុំឲ្យមានតែនៅលើក្រដាស។
ជាមួយគ្នានេះលោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានស្នើដាក់ក្នុងរបៀបវារះប្រជុំក្រុមប្រឹក្សាលើកក្រោយដោយដាក់គោលនយោបាយគណនេយ្យភាពសង្គម ដើម្បីឲ្យក្រុមប្រឹក្សាបានជ្រាបពីតម្លាភាព និងគណនេយ្យភាព និងប្រកបដោយការទទួលខុស
ត្រូវ។
ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២នាព្រឹកថ្ងៃទី៦កញ្ញានេះ៕