ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចព្រះសង្ឃរាជ ណយ ច្រឹក សម្រេចឲ្យ ព្រះទេវសត្ថា ពឿយ មេត្តា និងលោកជំទាវ ឧកញ៉ា សៀង ចាន់ហេង អនុវត្តសង្ឃដីកាសម្រេចនេះ ឱ្យបានម៉ឺងម៉ាត់ ករណីអធិករណ៍វត្តបារមីគិរីខេមរាភ្នំបិតាធំនៅប្រទេសជប៉ុន

448

 

ភ្នំពេញ ៖ សម្តេចព្រះសង្ឃរាជចន្ទប្បជ្ជោតោ ណយ ច្រឹក ប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចេញសង្ឃដីកាសម្រេច ស្តីពី ដំណោះស្រាយករណីអធិករណ៍វត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) នៅប្រទេសជប៉ុន ។ ជម្លោះវត្តខ្មែរនៅប្រទេសជប៉ុន រវាងក្រុមព្រះសង្ឃ ព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា និងលោកជំទាវ សៀង ចាន់ហេង ដែលបានវេរប្រគេនព្រះសង្ឃរួចរាល់ ដើម្បីកសាងវត្តនៅជប៉ុន អស់រយៈពេលជាង៤ឆ្នាំ កន្លងមកហើយ។

ប្រធានថេរសភានៃពុទ្ធសាសនា សម្រេច ៖

ប្រការ១: ថ្វាយប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់ដីវត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) នៅ ប្រទេសជប៉ុនដល់គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ទុកជាគរុភ័ណ្ឌសង្ឃ និងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជាតទៅ។

ប្រការ២: ថ្វាយប្រគល់ឱកាស និងលទ្ធភាពដល់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាចាត់ចែងរៀបចំបញ្ជូន ព្រះសង្ឃទៅដឹកនាំ គ្រប់គ្រង និងកសាងវត្តឈ្មោះដូចក្នុងប្រការ១ ដើម្បីធានាបាននូវស្ថេរភាព និរន្តរភាពនៃវត្តនេះ ព្រមទាំងបានក្លាយជាវត្តគួរជាទីសក្ការៈ និងទទួលបានការគោរពបូជាពីមហាជនទូទៅ។

ប្រការ៣: លោកជំទាវ ឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ រៀបចំបែបបទតាមនីតិវិធីច្បាប់ក្នុងការកាត់ឈ្មោះកម្មសិទ្ធិដីវត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) នៅប្រទេសជប៉ុន ថ្វាយប្រគល់ចំពោះគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដូចមានក្នុងលិខិតប្រគល់ថ្វាយគណៈសង្ឃនាយករួចហើយ។

ប្រការ៤: ព្រះទេវសត្ថា ពឿយ មេត្តា ត្រូវគោរពកិច្ចសន្យារបស់ខ្លួនតាមរយៈលិខិតស្នាមថ្វាយប្រគល់សិទ្ធិគ្រប់គ្រង និងដីវត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) នៅប្រទេសជប៉ុនចំពោះសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ៥: ព្រះទេវសត្ថា ពឿយ មេត្តា និងសហធម្មិកៈ ព្រមទាំងក្រុមការងារត្រូវបញ្ចប់អធិករណ៍ ការតវ៉ា និងការ ទាមទារដីវត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) ព្រមទាំងសំណងពីគ្រប់ភាគីទាំងអស់ ក្នុងអធិករណ៍នេះចាប់ពីពេលនេះតទៅ។ ព្រះទេវសត្ថា ពឿយ មេត្តា និងសហធម្មិកៈ ព្រមទាំងក្រុម ការងារត្រូវរក្សាភាពស្ងប់ស្ងាត់ និងភាពថ្លៃថ្នូរ ឱ្យសក្ដិសមជាសមណៈភេទ និងជាទីសក្ការៈរបស់ពុទ្ធបរិស័ទ ក្នុងពុទ្ធសាសនមណ្ឌល។

ប្រការ៦: ព្រះទេវសត្ថា ពឿយ មេត្តា និងសហធម្មិកៈ ព្រមទាំងក្រុមការងារមិនត្រូវបង្កបញ្ហាអកុសលទាំងឡាយជា បន្តទៅទៀត ក្នុងនោះមានដូចជា អំពើញុះ.ញង់ បាតុ.កម្ម កូដ.កម្ម កុប.កម្មប្រឆាំងនឹងភាគីម្ខាងទៀត និង អាជ្ញាធរសាធារណៈដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងករណីមិនគោរព តាមសង្ឃដីកាសម្រេចនេះ សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះមុខវិន័យ និងច្បាប់ជាធរមាន។

ប្រការ៧: សង្ឃដីកាសម្រេចទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសង្ឃដីកាសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៨: សម្តេច ព្រះរាជាគណៈ អគ្គលេខាធិការរដ្ឋានថេរសភាពុទ្ធសាសនា លេខាធិការដ្ឋានគណៈសង្ឃនាយក សាលាគណរាជធានី-ខេត្ត គ្រប់ស្ថាប័នពាក់ព័ន្ធ ព្រះទេវសត្ថា ពឿយ មេត្តា និងសហធម្មិកៈ ព្រមទាំង ក្រុមការងារ និងលោកជំទាវ ឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវទទួលបន្ទុកអនុវត្តសង្ឃដីកាសម្រេចនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩: សង្ឃដីកាសម្រេចនេះបិទផ្លូវតវ៉ានៃគ្រប់ភាគីទាំងអស់មិនឱ្យបន្តកើតទៅទៀតឡើយ។ សង្ឃដីកាសម្រេចនេះ មានអានុភាពគតិយុត្តិចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង