នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញដឹកនាំ កិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីសម្ពោធ ពហុកីឡដ្ឋានជាតិមរតតេជោ
ភ្នំពេញ ៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិទ្ធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតតេជោ នៅនាយកដ្ឋានអង្គរក្ស។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញអោយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ដោយប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីអោយទទួលបានជោគជ័យក្នុងឱកាសប្រារព្ធពិធីសម្ពោធពហុកីឡាដ្ឋានជាតិមរតកតេជោ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងកិច្ចប្រជុំបានជម្រុញអោយអ្នកដែលត្រូវចូលរួមទាំងអស់ គោរពវិធានសុខាភិបាល និង៣ការពារ ៣កុំ ទន្ទឹមនោះអ្នកចូលរួមត្រូវធ្វើតេស្តរហ័ស ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ មុនចូលទៅកាន់ទីតាំងប្រារព្ធពិធី។
ឯកឧត្តម ក៏បានជម្រុញអោយកម្លាំងនគរបាលចរចរណ៍សម្រួលការធ្វើចរាចរជុំវិញបរិវេណពហុកីឡដ្ឋាន និងតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ថ្នាក់ដឹកនាំ និងពិនិត្យមើលទីតាំងចំណតចតរថយន្តអោយបានសមរម្យសំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ក្រៅពីការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ឯកឧត្តម នេត សាវឿន ក៏បានជម្រុញអោយធ្វើការសម្អាតបរិស្ថានជុំវិញអោយបានស្អាត ដោយការដាក់គ្រឿងចក្រឈូសឆាយនៅតាមទីតាំងមួយចំនួនក្បែរផ្លូវដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសន្តិសុខផងដែរ។
គួរបញ្ជាក់ថា ពិធីសម្ពោធពហុកីឡាដ្ឋានជាតិមរតកតេជោនឹងប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិ មហាជមចូលរួមប្រមាណ ១៥០០០នាក់ផងដែរ៕