ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស បើកកិច្ចប្រជុំជាមួយអន្តរក្រសួង ត្រៀមចាប់ផ្តើមអនុវត្ត គម្រោងក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២១

272

ភ្នំពេញ៖ លោកបណ្ឌិត ញឹម ខេមរា និង លោក សុខ សូកេន ដែលរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមចាប់ផ្តើមអនុវត្តគម្រោងក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២១។

កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំទៀងទាត់រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងស្ថាប័នដែលជាម្ចាស់គម្រោង និងភ្នាក់ងារអនុវត្តគម្រោង ដើម្បីពិភាក្សាអំពីការចាប់ផ្តើមអនុវត្តគម្រោងថ្មី សំដៅធានានូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ពង្រឹងកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមក និងសម្រេចបាននូវការអនុវត្តគម្រោងប្រកបដោយភាពរលូន និងជោគជ័យ។

ស្ថិតក្រោមមូលនិធិពិសេសឆ្នាំ២០២១នេះ កម្ពុជាទទួលបានគម្រោងសរុបចំនួន១២ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដោយគ្របដណ្តប់លើវិស័យកិច្ចសហប្រតិបត្តិការ រួមមាន ការលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមជនបទ ការបញ្ជ្រាបយេនឌ័រ ការកាត់បន្ថយហានិភ័យនៃជំងឺឆ្លង ការអភិរក្សធនធានធម្មជាតិ ការចែករំលែកបច្ចេកទេស និងការពង្រឹងសមត្ថភាពក្នុងវិស័យធនធានទឹក និងការអភិវឌ្ឍសមត្ថភាពផែ្នកការទូតសេដ្ឋកិច្ច និងទេសចរណ៍ ក្រោយជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង