ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបសវនាការ ជាមួយឯកអគ្គរដ្ឋទូតបារាំងថ្មី

286

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមត្រូវបានថ្នាក់ដឹកនាំនៃសាធារណរដ្ឋបារាំង តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហ្សាក់ ប៉ឺឡេត បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ឯកឧត្តមមានជំនឿជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកានតែរីកចម្រើនថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៩៩ ហើយគណៈប្រតិភូព្រឹទ្ធសភានៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រហូតដល់ឆ្នាំ២០១៩ ទើបមានការពន្យាពេលដោយសារតែជំងឺកូវីដ១៩។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការ នៃប្រទេសប្រើភាសាបារាំង នឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០២២ ដោយអមមកជាមួយអ្នវិនិយោគិនជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេស កម្ពុជា។ ជាមួយគ្នានេះ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង ជាមួយព្រឹទ្ធសភាកម្ពុជា ក៏គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលកិច្ចការទាំងអស់នេះ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៅទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានមើលឃើញថា ទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាកដឹកនាំជាតិកំពូលៗ មន្រ្តីជាន់ខ្ពស់គ្រប់ លំដាប់ថ្នាក់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទន្ទឹមនេះ ប្រទេសទាំងពីរបានបន្តគាំទ្រគ្នាជាបន្តបន្ទាប់ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពី ការជួបគ្នាដំបូងរវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅហ្វែអង់តាដឺណ័រ ប្រទេសបារាំង ដើម្បីស្វែងរកសន្តិភាព និងការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលមានសាធារណរដ្ឋបារាំង ជាអ្នកសម្របសម្រួល។ ជំនួបជាប្រវត្តិសាស្រ្តនេះ បានក្រាលផ្លូវនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់ប្រទេសបារាំង ក្នុងដំណើរការស្វែងរកសន្តិភាព និងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលបានផ្តល់ជំនួយឥតសំណង កម្ចីអធិបតេយ្យ និងកម្ចីមិនអធិបតេយ្យ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេចបានថ្លែងអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានជួយអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំងជាច្រើននាក់ និងបណ្តុះបណ្តាលភាសាបារាំង នៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា។ ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បារាំងបានផ្តល់អាហារូបករណ៍ចំនួន ៥០ កន្លែងបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ចាប់តាំងពីសភាកម្ពុជាចូលជាសមាជិកសភានិយាយភាសាបារាំង សភាកម្ពុជាបានយកចិត្តទុកដាក់ចូលរួមមហាសន្និបាត និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌសភានិយាយភាសាបារាំងដោយទៀងទាត់។ ក្នុងបរិបទកូវីដ-១៩នេះ សភាកម្ពុជាបានចូលរួមគ្រប់វេទិការបស់មហាសន្និបាតសភានិយាយភាសាបារាំង តាមប្រព័ន្ធនិមិត្ត។
សម្តេចប្រធានព្រឹទ្ថសភាបានបង្ហាញអំពីពេញចិត្តជាខ្លាំង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភាបារាំង ដែលមានលទ្ធផលជាបន្តបន្ទាប់។

សម្តេចមានជំនឿជឿជាក់ថា ព្រឹទ្ធសភានៃប្រទេសទាំងពីរ នឹងបន្តសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ក្នុងពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះស្ថានទូតបារាំងប្រចាំកម្ពុជា និងព្រឹទ្ធសភាបារាំង ដែលបានជួយគាំទ្រ ដល់ដំណើរទស្សនកិច្ចសិក្សារបស់សមាជិកព្រឹទ្ធសភា ទៅដកស្រង់បទពិសោធន៍ឈ្វេង យល់ពីប្រព័ន្ធការងាររបស់ព្រឹទ្ធសភាបារាំង និងសូមអរគុណដល់ការផ្តល់ជំនួយឯកសារច្បាប់ ជំនួយសម្ភារៈបច្ចេកទេស និងការទទួលមន្រ្តីព្រឹទ្ធសភា ទៅធ្វើកម្មសិក្សានៅព្រឹទ្ធសភាបារាំង និងនៅសាលារដ្ឋបាលជាតិបារាំង ព្រមទាំងជួយបណ្តុះបណ្តាលភាសាបារាំងនៅមជ្ឈមណ្ឌលភាសាបារាំង។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង