ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាព ACU ចេញប្រកាសផ្លូវការ៖ សម្រេចឃាត់ខ្លួនស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង ក្រោយបញ្ចប់ការសួរនាំ

59

(កំពង់ឆ្នាំង)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្ដីពីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន មកធ្វើការសាកសួរ និងស្ដាប់ចម្លើយ ក្រោយពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រោយពីការសាកសួរចម្លើយ អង្គភាព ACU សម្រេចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។

យុទ្ធនាការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ព្រៃលិចទឹក រហូតអ្នកដែលកាន់កាប់ព្រៃលិចខុសច្បាប់ទាំងនេះ បានចេញមកទទួលស្គាល់កំហុស និងបានប្រគល់ដីទាំងនេះជូនរដ្ឋវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង