មន្ទីរសាធារណការខេត្តព្រះវិហារ ឃាត់កែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ដោយកាត់ទ្រុង ជាមួយនិងការផាកពិន័យ និងធ្វើកិច្ចសន្យានៅនឹងកន្លែង
ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ឃាត់រថយន្ដសាំយ៉ុង ០១គ្រឿងដែល ធ្វើចរាចរណ៍លើដងផ្លូវជាតិ ដោយកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ហើយក្រុមការងារ ក៏បានធ្វើការកាត់ទ្រុងនៅនឹងកន្លែង ជាមួយនិងផាកពិន័យ និងធ្វើកិច្ចសន្យាផងដែរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ឃាត់រថយន្ដសាំយ៉ុង ០១គ្រឿង ធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៦២គីឡូម៉ែត្រ៥២ ភូមិអូរពោធិ៍ ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ហើយក្រុមការងារក៏បានធ្វើការកាត់ទ្រុងនៅនឹងកន្លែង ជាមួយនិងការផាកពិន័យ និងធ្វើកិច្ចសន្យាផងដែរ។
លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ កែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស មិនត្រូវវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវដឹកលើស ទម្ងន់កំណត់ មិនត្រូវដឹកសំពីងសំពោង ពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ជានិច្ចរាល់ពេលបើកបរ នឹងត្រូវចូលរួមអនុវត្តអោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើងក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩៕