កិច្ចប្រជុំរៀបចំការងារផ្នែកអភិវឌ្ឍន៍ ហេដ្ឋារចនាស័ម្ពន្ធសហគមន៍ និងផ្នែករៀបចំផែនការប្រើប្រាស់ដី នៅក្នុងឃុំនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣
ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំការងារផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាស័ម្ពន្ធសហគមន៍ និងផ្នែករៀបចំផែនការប្រើប្រាស់ដី នៅក្នុងឃុំនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។
តាមរបាយការណ៍បានឲ្យដឹងថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ហៅកាត់ថា( LASED III) ត្រូវបានបង្កើតឡើងផ្អែកលើភាពជោគជ័យរបស់គម្រោងLASEDដំណាក់កាលសាកល្បងនិងគម្រោងLASED II ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ខាងមុខនេះ។
គម្រោងLASED III បង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចជា ផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី សេវាសង្គមនិងកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសមស្របជូនដល់កសិករនិងសហគមន៍តូចៗនៅក្នុងទីតាំងគម្រោង លើកកម្ពស់ជីវភាពរបស់ពួកគាត់ប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍនិងកែលំអរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមនិងរូបវ័ន្ត និងការលើកកម្ពស់ការប្រកបមុខរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិត និងចុះបញ្ជីដីជនជាតិដើមភាគតិចចំនួន១៥សហគមន៍ នៅខេត្តភាគឦសាន្ត ព្រមទាំងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ចំនួន៤៨សហគមន៍ អនុវត្តរយះពេល៦ឆ្នាំ ចាប់ពីខែតុលាឆ្នាំ២០២០ ដល់ខែធ្នូឆ្នាំ២០២៦ ដោយគម្រោងនេះ ទទួលបានថវិកាសរុប១០៧លានដុល្លារ ក្នុងនោះថវិកាឥណទានធនាគារពិភពលោក៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល១៤លានដុល្លារអាមេរិក សម្រាប់៤សមាសភាគ។
គម្រោងផ្តោតលើការងារចំបងចំនួន៣ គឺការរៀបចំដីសម្បទានសង្គមកិច្ច : គិតត្រឹមថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ គម្រោងរកបានដីសម្រាប់អនុវត្តការងារសម្បទានដីសង្គមកិច្ច ក្នុងភូមិសាស្រ្តខេត្តចំនួន១៣ស្រុក ចំនួន១៧សរុប១៩ទីតាំងទំហំ២៨៨៩៣ហិកតា ការចុះបញ្ជីដី និងការផ្តល់ការគាំទ្រអភិវឌ្ឍនៅសហគមន៍ជនជាតិដើមភាគតិច: ទីតាំងសហគមន៍ដែលបានចុះបញ្ជីដីរួចមាន៣៣សហគមន៍ ក្នុងស្រុក ក្រុងចំនួន១២ និងគ្រោងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១៥ សហគមន៍ទៀត។ ចំពោះការរៀបចំផែនការប្រើប្រាស់ដីក្នុងឃុំ : គម្រោងនឹងធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំចំនួន៤៥០ឃុំ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា ការដែលយើងអនុវត្តគំរោងLASEDនេះ បានជោគជ័យក៏ដោយសារមានការចូលរួមទ្រទ្រង់ ពីសមាសភាពមន្រ្តីរបស់ក្រសួង នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។ ក្នុងករណីដែលយើងធ្វើបានជោគជ័យ ប្រជាពលរដ្ឋដែលជាអ្នកទទួលផល មានការប្រែប្រួលលើកកម្ពស់ជីវភាព របស់ពួកគាត់បានប្រសើរជាងមុន ដោយទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពបានល្អ ដូច្នេះធនធានមនុស្សរបស់ក្រសួងដែលបានអនុវត្តគម្រោងLASEDនេះ គឺបានជួយដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលនេះជាចំណុចសំខាន់ ហើយក៏ចាត់ទុកថានេះ ជាការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការងារសង្គមកិច្ច ដែលមានកំណត់ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះអ្វីដែលយើងបានអនុវត្តនេះ គឺយើងបានបំពេញតួនាទី ជាមន្រ្តីដែលបានគិតគូរពំពីជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា សហគមន៍ដែលយើងបានផ្តល់ការគាំទ្រ ដល់ពួកគាត់ដោយមិនចាំបាច់ ធ្វើចំណាកស្រុក ទៅធ្វើការងារនៅក្រៅប្រទេស ដែលអាចប្រឈមនឹងហានិភ័យគ្រប់បែបយ៉ាង ដូច្នេះការអនុវត្តគម្រោងនេះ គឺបានជួយកាត់បន្ថយហានិភ័យ ក្នុងការធ្វើចំណាកស្រុក និងជួយរកការងារធ្វើជូនប្រជាពលរដ្ឋ ជួយពួកគាត់ឲ្យចេះបង្កបង្កើនផលលើផ្ទៃដីដែលមានស្រាប់ ដែលនេះគឺជាមោទនភាពរបស់មន្រ្តីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបានអនុវត្តគម្រោង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងទស្សនវិស័យដែលជាគោលបំណងរបស់គម្រោងLASED គឺចំណុចសំខាន់ទី១ ធ្វើឲ្យទីនោះមានសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ដីសម្រាប់លំនៅស្ថាន និងដីសម្រាប់បង្កបង្កើនផល ដោយផ្តល់ជូនបណ្ណកម្មសិទ្ធជាទ្រព្យដ៏មានតម្លៃដល់ពួកគាត់ ប៉ុន្តែស្នើសុំកុំឲ្យមានការលក់ដូរដីធ្លីបន្តគ្នា ដែលនាំឲ្យប៉ះពាល់ដល់ការអនុវត្តគម្រោងនេះ
ចំណុចសំខាន់ទី២ គឺការលើកកម្ពស់ជីវភាពតាមរយៈការធ្វើកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាពបង្កលក្ខណៈដល់ប្រជាពលរដ្ឋ ក្នុងគម្រោងនេះឲ្យមានភាពសុខដុមរមនា និងលើកកំពស់ធនធានមនុស្សឲ្យសំបូរបែប សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនិងសង្គម។
ចំណុចសំខាន់ទី៣ គឺការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដែលជាកិច្ចការសំខាន់ ដើម្បីរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ដូច្នេះទើបយើងដាក់បញ្ចូលសហគមន៍ជនជាតិដើមភាគតិចនេះ នៅក្នុងគម្រោង LASED ដោយរកទីតាំងដែលមានសុវត្ថិភាព និងអនុវត្តតាមលក្ខន្តិកៈរបស់សហគមន៍ ដើម្បីឲ្យពួកគាត់មានដីធ្លីជាកម្មសិទ្ធិ និងទប់ស្កាត់កុំឲ្យមានការរំលោភបំពានដីជាកម្មសិទ្ធិ របស់ពួកគាត់ផងដែរ៕