ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី៖ សមិទ្ធផលដ៏ត្រចះត្រចង់មួយ ទៀតក្នុងវិស័យកីឡាបានលេចត្រដែតរូបរាងជាផ្លូវការហើយនាថ្ងៃនេះ

54

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែង នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃ សៅរ៍ទី ១៨ ខែធ្នូ ឆ្នាំ ២០២១នេះ ថា៖ សមិទ្ធផលដ៏ត្រចះត្រចង់មួយទៀតក្នុងវិស័យកីឡាបានលេចត្រដែតរូបរាងជាផ្លូវការហើយនាថ្ងៃនេះ។ ស្ថិតក្នុងបរិយាកាសដ៏សែនរំភើបរីករាយប្រកបដោយក្តីមោទនៈនេះ ខ្ញុំ ក៏ដូចជាពលរដ្ឋកម្ពុជាទាំងអស់គ្នា សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ មាតុភូមិ និងប្រជាជន ហើយដែលពហុកីឡដ្ឋានជាតិ «មរតកតេជោ» នេះជាតឹកតាងមួយ។
ផ្អែកលើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយ កម្ពុជាបានធ្វើដំណើរយ៉ាងស្វាហាប់ឈានមកដល់ចំណុចនេះ ពោលគឺការឈោងចាប់ឧត្តមភាពក្នុងវិស័យកីឡា ស្របពេលដែលសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជនមានការកើនឡើងមកដល់កម្រិតមួយ ដែលអនុញ្ញាតឱ្យយើងអភិវឌ្ឍខ្លួនបន្ថែមក្នុងផ្នែកផ្សេងៗ រួមមានកីឡាផងដែរ។ ជាមួយនឹងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ ព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងហ្វឹកហាត់ ដុសខាត់ សម្រិតសម្រាំងសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ត្រៀមលក្ខណៈដើម្បីជ័យជំនះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ»នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់បងប្អូនកីឡាករ កីឡាការិនីទាំងអស់ក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។ បងប្អូនត្រូវមានជំនឿជាក់លើខ្លួនឯង ដូចដែលពួកយើងជឿជាក់មកលើបងប្អូនដូច្នេះដែរ។ បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ជឿថាខ្មែរធ្វើបាន, អបអរសាទរកម្ពុជា , មរតក តេជោ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង