ឃុំខ្លួនដាក់ពន្ធនាគារ ជនដែលបង្ហោះសារប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ ដែលបង្ហោះសារប្រមាថ ព្រះជេស្ដាព្រះមហាក្សត្រ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងគំរាមកំហែងថានឹងសម្លាប់” កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងមាត្រា២៣៣ នៃក្រុមព្រហ្មទណ្ឌ។
យោងតាមដីកាបង្គាប់ របស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ជនត្រូវចោទដែលបង្ហោះសារប្រមាថលើព្រះមហាក្សត្រនេះ ប្រើប្រាស់គណនី Facebook ឈ្មោះ អៀង ជលសា បានបង្ហោះសារ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ជនរូបនោះ ឈ្មោះ អៀង ជលសា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់កោះមាន់ ទីកន្លែងកំណើត សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៨៨E1 ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការឃុំខ្លួនជននេះ ក្រោយពីបានឃើញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ៣២៥២ ហ ដពស ចុះថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លោកចៅក្រម បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ វណ្ណា អៀង ជលសា ទៅមណ្ឌលអប់រំកែប្រែទី១ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់។
បើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ ជនដែលបង្ហោះសារប្រមាថលើព្រះមហាក្សត្រ តាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕