អាជ្ញាធរខេត្តព្រះវិហារចុះ ពិនិត្យមើលសកម្មភាពនៃការសាងសង់រូបសំណាកនិងបានរៀបចំជើងពានទ្ររូបសំណាកលោកឪសួង
ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា រួមជាមួយ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត និងលោកប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពសាងសង់រូបសំណាកលោកឪសួង និងបានរៀបចំជើងពានទ្ររូបសំណាកលោកឪសួង ដើម្បីការពារកុំអោយក្មេងលេង ឫក៏រុញច្រានបណ្តាលឲ្យដួលនាំឲ្យ មានការខូចខាត។ ជាមួយគ្នានោះ លោក អភិបាលខេត្ត និងក្រុមការងារក៏បានអុជធូបសុំសេចក្តីសុខសេចក្តីចំរើន ពីបារមីលោកឪសួងសម្រាប់ប្រជាពលរដ្ឋខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរទូទៅផងដែរ។
លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់អោយដឹងថារូបសំណាកលោកឪសួងនេះ បានចាប់ផ្តើមសាងសង់នៅខែមេសាឆ្នាំ២០១៨ គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ចំពោះការកសាងរូបសំណាកលោកឪសួង ឬអ្នកសញ្ចាំងភ្នំត្បែងនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ហើយថវិកាសម្រាប់សាងសង់នេះ គឺមួយផ្នែកជាថវិការបស់ លោក អភិបាលខេត្ត និងក្រុមគ្រួសារ និងថវិការបស់លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ហើយក៏មានការចូលរួមពីសប្បុរសជននានាជាច្រើនទៀតផងដែរ៕





