ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរដូវរំហើយនេះ កសិករ សម្រុក ដាំបន្លែគ្រប់មុខ នៅខេត្តសៀមរាប អាចរកប្រាក់ ចំណូលបានប្រមាណ ២លានរៀល ក្នុងមួយខែ

59

សៀមរាប៖ កសិករមួយរូបរស់នៅក្នុងស្រុកសូទ្រនិគម ខេត្ត សៀមរាប អាចរកប្រាក់ ចំណូលបាន ប្រមាណ២លានរៀលក្នុងមួយខែ ពីមុខរបរដាំដុះដំណាំ កសិកម្មតាមបែបទំនើប។
កសិករ លោក វ៉ុន វិន អាយុ២៥ឆ្នាំ កសិកររស់ នៅភូមិបែកកំាភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៣ ធ្នូ២០២១ នេះថា៖ លោកបានចាប់យកជំនាញដាំដុះដំណាំកសិកម្មប្រមាណ១០ឆ្នាំមកហើយ ដោយទទួល បានចំណេះដឹងទាំងនេះ ពីឱពុកម្តាយ។

លោកបន្តថា៖ បច្ចុប្បន្នលោកកំពុងដាំដំណាំម្រះ និងប្រមូលផលត្រសក់នៅលើផ្ទៃដី ៥០០ ម៉ែត្រក្រឡា ដែលអាចប្រមូលផល បានជាង១តោន សម្រាប់លក់បំពេញតម្រូវការទីផ្សារ ដោយជ្រើសយកការដាំតាមបែបសម័យទំនើប គឺដាំដុះដោយប្រើប្រាស់ ប្រព័ន្ធដំណក់ទឹក និងគ្របកៅស៊ូ ដែលធ្វើឱ្យទទួលបានទិន្នផលច្រើន ចំណេញពេលវេលា និងមិនចាំបាច់ថែទាំច្រើន។

លោកបន្តថា៖ មុខរបរដាំបន្លែលក់ អាចធ្វើឱ្យជីវភាពគ្រួសាររបស់លោក ល្អប្រសើរឡើង ជា រៀងរាល់ថ្ងៃ ព្រោះក្នុងមួយខែ ប្រាក់ចំណេញ ដែលទទួលបានពីការលក់បន្លែនេះ បានជា មធ្យម២លានរៀល។
លោកបន្ដថា៖ ខ្ញុំដាំតែពីរមុខទេ ត្រសក់និងម្រះ ប្រមូលផលហើយ តែផ្ទៃដីខ្ញុំតូចដែរ ផ្ទៃដីទាំងអស់២កន្លែង១០០០ម៉ែត្រក្រឡា តែខ្ញុំដាំត្រសក់តែ ៥០០ម៉ែត្រក្រឡាទេ បាន១ តោនជាង ខ្ញុំដាំតែ៥កញ្ចប់ តែបេះបាន១តោនជាង ខ្ញុំប្រើប្រព័ន្ធដំណក់ទឹក ប្រើកៅស៊ូគ្រប់រង ខុសគ្នាត្រង់ថា អានេះយើងបានផលច្រើន ហើយអត់សូវចំណាយពេលច្រើន លើការថែទាំនិងដកស្មៅវា កាលពីមុនថ្លៃមួយគីឡូ ២០០០ រៀល តែខ្ញុំលក់ ១០០គីឡូដំបូងបាន១៤០០ រៀល ដល់ឥឡូវលក់បាន តែមួយគីឡូ៥០០រៀលទេ អត់ខាតទេ ព្រោះយើងលក់បានច្រើនហើយ រដូវខ្លះអាចអាកាសធាតុ មិនអំណោយ ផល ទៅតាមនោះឯង មួយខែយើងអាចបានយ៉ាងអន់ក៏២លានរៀល បើខែល្អអាចលើស២លាន បើខែណាអត់ក៏បាន១លានអីទៅ។

សូមបញ្ជាក់ថា៖ លោកវ៉ុន វិន ជាកសិករគំរូម្នាក់ ដែលធ្លាប់បានចែក រំលែកចំណេះដឹងផ្នែកកសិកម្ម ដែលលោកទទួលបានពីក្រុមគ្រួសារ អង្គការដៃគូនានា និងពីមន្ទីរកសិកម្មខេត្ត ទៅបង្ហាត់ បង្រៀនកសិករដទៃទៀតនៅក្នុងភូមិ និងជាពិសេស លោកជាអ្នកស្វែងរកទីផ្សារបន្លែ ជូនកសិករនៅ ក្នុងសហគមន៍ផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង