ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា ជូនដំណឹង ពីការថតវីដេអូផ្សាយបន្តផ្ទាល់ ក្នុងរមណីយដ្ឋានអង្គរ

313

 

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការថតវីដេអូផ្សាយបន្តផ្ទាល់ ក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជូនដំណឹង ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីបញ្ចៀសនូវកំហុសឆ្គង ដោយអចេតនា ឬធ្វើឱ្យប៉ះពាល់ ដល់គុណតម្លៃរបស់ប្រាសាទខ្មែរ ដែលជាមរតកមិនអាចកាត់ថ្លៃបាន របស់បុព្វបុរសខ្មែរ និងជាបេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់ (Live) អំពីប្រវត្តិប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា មេត្ដាដាក់សំណើសុំមកអាជ្ញាធរជាតិអប្សរាជាមុន ដោយភ្ជាប់មក ជាមួយនូវខ្លឹមសារ ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផងដែរ។
ចំពោះការស្នើសុំថតផ្សាយបន្តផ្ទាល់ អំពីប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ដែលមានលក្ខណៈផ្សព្វផ្សាយ ជាសាធារណៈ ដើម្បីជំរុញវិស័យទេសចរណ៍ គឺពុំតម្រូវឱ្យបង់ប្រាក់នោះទេ លើកលែងតែ ការស្នើសុំថតលក្ខណៈអាជីវកម្ម ដែលតម្រូវឱ្យអនុវត្តតាមនីតិវិធី និងគោលការណ៍ដែលបានកំណត់។

អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនថា នាពេលកន្លងមក ចាប់តាំងពីមានវត្តមាននៃជំងឺឆ្លងកូវីដ-១៩ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ដោយឥតគិតថ្លៃជូនក្រុមហ៊ុន ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ពីក្រសួងទេសចរណ៏ធ្វើការ ថតឡាយវីដេអូតាមទូរស័ព្ទ ដើម្បីបកស្រាយ អំពីប្រវត្តិសាស្ត្រប្រាសាទនានា ទៅដល់ភ្ញៀវរបស់ខ្លួនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ និងក្នុងគោលដៅ ដើម្បីអាចគ្រប់គ្រង ដោយប្រសិទ្ធភាព នូវការប្រកបអាជីវកម្មការថតសម្លៀក បំពាក់ប្រពៃណីបុរាណ (Pre-Wedding) ក៏ដូចជាជៀសវាងនូវភាពអាណាធិបតេយ្យនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានតម្រូវឱ្យសាធារណជន ដាក់សំណើសុំការថតសម្លៀកបំពាក់ប្រពៃណី បុរាណ មកអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យ និងផ្តល់ការអនុញ្ញាតជូន ដោយឥតបង់ថ្លៃផងដែរ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបាន ចូលរួមអនុវត្តតាមការណែនាំគួរឱ្យកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង