ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហេង សំរិន ដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ចំនួនបី សម្រាប់លើកកម្ពស់ វិស័យពាណិជ្ជកម្ម

54

 

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២១ នេះ ដោយមានរបៀបវារៈចំនួនបី ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។
សេចក្តីព្រាងច្បាប់ដែលរដ្ឋសភា បានលើកមកពិភាក្សា និងអនុម័ត នាពេលនេះ មាន៖

១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម

២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែក ក្នុងការបន្តកំណែទម្រង់ របស់រាជរដ្ឋាភិបាល ក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា។ ច្បាប់នេះ ត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រម តំាងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួល ដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា។ កន្លងមករាជរដ្ឋាភិបាលបានកំណត់នីតិវិធី សម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹង អំពីការបើកសហគ្រាស ដោយបានដាក់ឱ្យដំណើរការ នូវប្រព័ន្ធចុះបញ្ជីរួមតាមថ្នាល ផ្លាស់ប្តូរទិន្នន័យអនឡាញ។

តាមរយៈសេចក្តីព្រាងច្បាប់នេះ បានដកចេញ នូវបុរេលលក្ខណ្ឌមួយចំនួន ដែលមិនចាំបាច់សម្រាប់ការចុះបញ្ជី និងជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្ម ដំណើរការទៅបានរលូននិងមានតម្លាភាព មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ច ជាសាកលព្រមទំាង លើកស្ទួយបរិយាកាសធុរកិច្ច នៅកម្ពុជា ឱ្យមានការសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែង សំដៅរួមចំណែកស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ច។

ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគី ក្នុងការដោះដូរ ពាណិជ្ជកម្មគ្នាទៅវិញទៅមក។ តាមរយៈច្បាប់នេះ នឹងធ្វើឱ្យកសិផលកម្ពុជាមានទីផ្សារកាន់តែធំ តាមរយៈការនាំចេញទៅ កាន់ទីផ្សារនៅសាធារណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែកដ៍សំខាន់ នៅក្នុងការលើកម្ពស់ជីវភាព ប្រជាកសិកររបស់យើង។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងអាចបង្កើតការងារថ្មីៗ ជូនប្រជាជនយើងថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង