រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងពីកង្វះបរិមាណបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាដោះស្រាយ
កណ្តាល ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ផ្នែសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាព តាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) នៅក្នុងស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបពីសមិទ្ធផលសំខាន់ៗ ទាក់ទងនឹងផលិតកម្មបន្លែ ដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន ដោយមានកិច្ចសហការជាមួយក្រុម ហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម។ល។ ក្នុងគោលបំណងលើកកម្ពស់ផលិតភាព ផលិតកម្មបន្លែ ធានាបាននូវបរិមាណ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ឈានឆ្ពោះទៅកាន់ភាពជាម្ចាស់ក្នុងការផលិត និងផ្គង់ផ្គង់បន្លែឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។
ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុនត្រូភីខេម ហ្វ៊ុត អេន វេជីថេប៊ិ ល ឯ.ក មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីដំណើរការនៃការសាងសង់មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងខ្សែច្រវាក់ផលិតកម្ម ។
លោកឧកញ៉ា បានបន្តទៀតថា មជ្ឈមណ្ឌលនេះ បានបោះទុនវិនិយោគជា៣ ដំណាក់កាល៖ ទី១- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ទឹក អគ្គិសនី ទី២- ការសាងសង់ និងដំឡើងផ្ទះសំណាញ់ ថ្នាលបណ្តុះ កូនបន្លែ និងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និង ទី៣- ការសាងសង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងទូត្រជាក់។
មជ្ឈមណ្ឌលនេះមានតួនាទី ៖ ១- ជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចាប់ដៃគូជាមួយកសិករ សហគមន៍កសិកម្ម និងបណ្ដុំក្រុមផលិត តាមរយៈកិច្ចសន្យាកសិកម្ម ដោយក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្ម និងបច្ចេកទេស ព្រមទាំងប្រមូលទិញបន្លែទាំងអស់ត្រឡប់មកវិញ ២- ធ្វើការលាងសម្អាត វេចខ្ចប់ រក្សាទុកបន្លែដែលប្រមូលបានទាំងនៅក្នុងមជ្ឈមណ្ឌល និងតាមកិច្ចសន្យាកសិកម្មជាមួយកសិករគោលដៅតាមខេត្ត ៣- ដឹកជញ្ជូនបន្លែសុវត្ថិភាព តាមរថយន្តត្រជាក់ ដាក់តាមផ្សារទំនើបតូច-ធំ និងគេហដ្ឋាន ៤- ធ្វើផែនការទីផ្សារជាក់លាក់ ផ្សារភ្ជាប់ជាមួយផ្សារទំនើប ម៉ាតតូចៗ និងទីផ្សារទៀត ៥- ប្រែក្លាយមជ្ឈមណ្ឌលនេះជា កន្លែងបង្ហាញ ពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសទំនើប បែបពាណិជ្ជកម្មដល់សាធារណជន ជាពិសេសភាគីពាក់ព័ន្ធនឹងអនុវិស័យបន្លែ និង៦- រៀបចំផែនការបង្កើតផ្សារបោះ ដុំនៅកម្ពុជា បន្ទាប់ពីបន្លែសុវត្ថិភាពមានគុណភាព និងបរិមាណគ្រប់គ្រាន់បំពេញតម្រូវការក្នុងស្រុក ព្រមទាំងទទួលបានការគាំទ្រ ពីអតិថិជនតាមការបញ្ជាក់ទទួលស្គាល់ជាបន្លែសុវត្ថិភាព។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃចំពោះសមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន ដូចអ្វីដែលឯកឧត្តម ងិន ឆាយ បានរាយការណ៍ជូន និងលោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន លោក លូ ម៉េង តំណាងសហព័ន្ធទេសចរណ៍កម្ពុជា និងលោក Arnaud Darc តំណាងសមាគមភោជនីយដ្ឋានកម្ពុជា ដែលបានបង្ហាញពីមោទនភាព ឆន្ទ:គាំទ្រ និងលើកទឹកចិត្តធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែតាម CamGAP ដំណើរការទៅដោយរលូន និងសម្រេចបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍នាពេលនេះ គឺពិតជាឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជួបនីយកម្មកសិកម្មនៅកម្ពុជា។ បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូមួយចំនួន បាននិងកំពុងជំរុញលើកទឹកចិត្តកសិករ ឱ្យផលិតបន្ថែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។
ឆ្លើយតបតាមការចង់បាន គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ កម្ពុជាមានសហគមន៍កសិកម្មចំនួន ១ ២១៧ និងសមាជិកសរុប ចំនួន ១៥៥ ៨៥៩នាក់ ដើមទុនសរុបចំនួន១០២ ៣៩០ ០៥៥ ៧៦៧ រៀល និងបានបង្កើត និងចុះបញ្ជីសហភាពសហគមន៍កសិកម្មចំនួន ១៥ ដែលមានសមាជិកសរុបចំនួន ២៧៦ មានដើមទុន សរុបចំនួន ៣ ៣៨២ ៩៩៧ ៣៤៣ រៀល ដែលសហគមន៍កសិកម្មទាំងនោះ ពិតណាស់បាននិងកំពុងដើរតួនាទី ផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តាមរយ:ការអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ដោយប្រើប្រាស់ផ្ទះសំណាញ់ និងHydroponic។ រីឯការចុះកិច្ចសន្យាផលិតកម្មកសិកម្ម រវាងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជនមានចំនួនកើនឡើង ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ កសិករដែលទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ CamGAP មានចំនួន ៣០៩ចម្ការ/កសិដ្ឋាន ដែលបានអនុវត្តតាមបទដ្ឋានបច្ចេកទេស ទទួលបានទិន្នផលខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាព។
តែទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ផ្នែសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងនាមឲ្យក្រសួង និងក្នុងនាមខ្លួនលោកផ្ទាល់ លោកបានគាំទ្រ និងលើកទឹកចិត្ត និងរង់ចាំផ្តល់ កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃ ដំណាំបន្លែសុវត្ថិភាព ដើម្បីជំរុញផលិតកម្មមួយនេះ ឱ្យបានកាន់តែរីកចម្រើនសំដៅឆ្លើយតប ទៅនឹងតម្រូវការក្នុងស្រុក ដោយត្រូវជំរុញឲ្យអនុវត្ត CamGAP និង CamOrg។
ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារ CamGAP និងជាពិសេសទិសដៅអនុវត្តបន្ត ដើម្បីអភិវឌ្ឍវិស័យសាក វប្បកម្ម (បន្លែ) ឲ្យស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាព លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញខ្សែច្រវាក់តម្លៃ ឱ្យមានវិសាលភាពកាន់តែទូលំទូលាយឆ្លើយតប ទៅនឹងបម្រែបម្រួលអាកាសធាតុ និងបរិយាប័ន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរ ជូនដល់អគ្គនាយកដ្ឋានកសិកម្ម មន្រ្តីជំនាញ ក្រុមហ៊ុនផលិត ដៃគូអភិវឌ្ឍន៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សហគមន៍ និងប្រជាកសិករ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុននេះ បានចុះ MOU ជាមួយអគ្គនាយកដ្ឋានកសិកម្ម ស្ដីពីកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ដោយប្រើប្រាស់ដីទំហំ៦ហិកតា នៅក្នុងបរិវេណស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ ៣៣៨ហិកតា នៅឆ្នាំ២០១៤ ដល់ ៦៩ ៨៥០ហិកតា នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី ៤១៥ ២៣៩តោន នៅឆ្នាំ២០១៤ ដល់ ៨១០ ០៦៤ តោន នៅឆ្នាំ២០២១ ដោយឡែកទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨តោនក្នុងមួយហិកតា នៅឆ្នាំ២០១៤ ដល់ប្រមាណជាង១២តោនក្នុងមួយហិកតា នៅឆ្នាំ២០២១ នេះ៕