ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវ ឲ្យអតីត កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់សកម្មភាពតវ៉ា

59

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នេះ អតីត កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៏ ដឹកនាំដោយ កញ្ញា ឈឹម ស៊ីថរ និងគូកន បានធ្វើសកម្មភាពសម្តែង មតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ព្រមទាំងបានបិទផ្លូវច្រក ចេញចូលរបស់ក្រុមហ៊ុនឯកជនថែមទៀតផង ដែលសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ និងសិទ្ធិស្របច្បាប់របស់ ក្រុមហ៊ុន ជាពិសេសពុំបាន ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាមានការខិតខំ សម្របសម្រួលរកដំណោះស្រាយ ជាបន្តបន្ទាប់ ទាំងនៅថ្នាក់ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក្តី។

យ៉ាងណាមិញ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំសកល ២០២២ ដែលនឹងចូលមកដល់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ ក៏ដូចជាដើម្បីបង្កលក្ខណៈ ដល់បងប្អូន ប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្ត ដោយភាពសប្បាយរីករាយ រដ្ឋបាលរាជធានី ភ្នំពេញ សូមអំពាវនាវ ដល់ក្រុមបាតុករទាំងអស់ ត្រូវបញ្ឈប់សកម្មភាពតវ៉ា ដោយខុសច្បាប់ ចាប់ពីពេលនេះតទៅ សំដៅធ្វើយ៉ាងណារក្សា បាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា សហជីព និងក្រុមបាតុករទាំងអស់ នឹងចូលរួមអនុវត្តតាម ការអំពាវនាវរបស់ រដ្ឋបាលរាជធានីភ្នំពេញ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងចូលរួមអនុវត្តច្បាប់ឱ្យមាន ប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង