ខេត្តបាត់ដំបងនឹងធ្វើពិធីប្រកួត ហែលទឹកជើងឯកជាតិក្នុង ពិធីមណ្ឌលហែលទឹក ដែលទើបបញ្ចប់ការសាងសង់
ភ្នំពេញ៖សម្រាប់ការប្រកួតហែលទឹកជើងឯកជាតិឆ្នាំ២០២១សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសរៀបចំប្រកួតនៅមណ្ឌលកីឡាហែលទឹកបាត់ដំបងចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២២នៅសាកលវិទ្យាល័យបាត់ដំបងក្នុងខេត្តបាត់ដំបងដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់តែម្ដង។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោកហែម គីរីបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកឆ្នាំនេះសហព័ន្ធដាក់វិញ្ញាសា៣
ផ្នែកធំៗ គឺផ្នែកបុរសចាប់ពីអាយុ១២ ឆ្នាំឡើងមាន១២វិញ្ញាសា ផ្នែកនារី ចាប់ពី១០ឆ្នាំឡើងទៅ មាន១១វិញ្ញាសា មានហែលរបៀបសេរី របៀបកង្កែប ហែលរបៀបផ្ងារ ហែលរបៀបមេអំបៅ ហែលបួនរបៀបឯកត្តជន និងហែលបណ្តាក់បួនរបៀប (៤x១០០ម៉ែត្រ) ក្នុងចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ។ ចំណែក ឯផ្នែកជនពិការមានពីរវិញ្ញាសាបុរស គឺហែល៥០ម៉ែត្រ និងហែល១០០ម៉ែត្ររបៀបសេរីដូចៗគ្នា សម្រាប់ កម្រិតពិការភាព S3 ដល់ S10។
លោក បន្តថា គោលដៅនៃការរៀបចំការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅក្នុងមណ្ឌលហែលទឹកថ្មីនេះ ដើម្បីជាការតេស្តិ៍សាកល្បងនៃគុណភាពអាងហែលទឹកដែលទើបនឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់ការហ្វឹកហាត់ផង។ អាងហែលទឹកខេត្តបាត់ដំបងនេះបានចំណាយអស់ថវិកាប្រមាណ២លានដុល្លារអាមេរិកអាចរៀបចំការប្រកួតកម្រិតជាតិនិងអាចប្រកួតកម្រិតអន្តរជាតិថ្នាក់តំបន់បាន។
ទន្ទឹមនឹងនេះមណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះត្រូវបានសាងសង់ឡើងស្របតាមផែនការមេរបស់សហព័ន្ធកីឡាខ្មែរ
ហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ ទៀតផង ៕