ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ស្នើឱ្យបាតុករបញ្ឈប់ជាបន្ទាន់ នូវការធ្វើសកម្មភាពបាតុកម្មដោយខុសច្បាប់ របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត

77

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ជាបន្ទាន់ នូវការធ្វើសកម្មភាពបាតុកម្មដោយខុសច្បាប់ របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកសី ហៃ សុភាព, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ លោក ប៉េង សោភា និងលោក សុខ គង្គា ដែលជាតំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត ឱ្យបានជ្រាបថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ និងសំណូមពរលោក-លោកស្រីជាច្រើនលើកច្រើនសារ ឱ្យបញ្ឈប់សកម្មភាព សម្តែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ដូចមានខ្លឹមសារក្នុងលិខិតលេខ ១៤០១/២១ ឆត ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែ លោក-លោកស្រីនៅតែបន្តដឹកនាំធ្វើបាតុកម្ម ដោយខុសច្បាប់ អស់រយៈពេល ១៣ ថ្ងៃ ជាបន្តបន្ទាប់ ដោយមិនបំពេញនីតិវីធី ដែលបានចែងក្នុងច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។

បន្ថែមលើនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ ដើម្បីក្រើនរំលឹកជូនលោក-លោកស្រី និងក្រុមបាតុករ ឱ្យបញ្ឈប់នូវសកម្មភាពតដោយខុសច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែ ជាក់ស្ដែង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ លោក-លោកស្រី និងក្រុមបាតុករ នៅតែបន្តរឹងរូសមិនគោរពតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបន្តសកម្មភាពបំពាន ម្តងហើយម្តងទៀត ផ្ទុយទៅនឹងច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដដែល។

ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងជាថ្មីម្ដងទៀត ដល់លោក-លោកស្រី និងក្រុមបាតុករ ត្រូវបន្តការ ចរចាតាមនីតិវីធីដូចមានចែង ក្នុងច្បាប់ស្តីពីការងារ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ ការទូទាត់សំណង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ និងស្នើឱ្យលោក-លោកស្រី ត្រូវបញ្ឈប់នូវសកម្មភាពតវ៉ាដោយខុសច្បាប់ ជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។ ក្នុងករណីលោក-លោកសី នៅតែបន្តសកម្មភាពបាតុកម្មដោយខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង