បុរសម្នាក់មានអាយុ ៦១ ឆ្នាំ សង្ស័យថា បានបង្កអគ្គិភ័យនៅគ្លីនិកជប៉ុនមួយកន្លែង សម្លាប់មនុស្សចំនួន ២៥ នាក់
TOKYO ៖ ភ្នាក់ងារផ្សព្វផ្សាយរបស់រដ្ឋ NHK បាននិយាយថា បុរសម្នាក់មានអាយុ ៦១ ឆ្នាំ ដែលជាប់សង្ស័យថាបានបង្កជាអគ្គិភ័យក្នុងគ្លីនិកវិកលចរិតមួយ ដែលបានសម្លាប់មនុស្សចំនួន ២៥នាក់ នៅក្នុងទីក្រុង Osaka របស់ប្រទេសជប៉ុនក្នុងខែនេះ បានទទួលមរណៈភាពនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ។
ភ្នាក់ងារផ្សព្វផ្សាយរបស់រដ្ឋ NHK និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនផ្សេងទៀតបានឲ្យដឹងថា បុរសម្នាក់នោះមានឈ្មោះ Morio Tanimoto បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារតែការស្រូបសារធាតុកាបូនម៉ូណូអុកស៊ីតពីផ្សែងភ្លើង។
នគរបាលបាននិយាយថា តាមវីដេអូកាមេរ៉ាសុវត្ថិភាពរបស់គ្លីនិកបានបង្ហាញពីអគ្គិភ័យដែលបានចាប់ផ្តើមឆាបឆេះ នៅពេលដែលលោក Tanimoto យកសារធាតុរាវចំនួនពីរថង់ចូលទៅក្នុងអគារ ហើយដុតសារធាតុរាវនោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោក Tanimoto គឺ ជាអ្នកជំងឺនៅគ្លីនិកនោះ។ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានវេជ្ជបណ្ឌិត Kotaro Nishizawa ដែលជាប្រធានគ្លីនិក លោកបានទទួលការសរសើរចំពោះស្នាដៃក្នុងការជួយដល់សុខភាពផ្លូវចិត្ត។
គ្លីនីកវិកលចរិតនោះនៅជាន់ទីបួន នៃអគារពាណិជ្ជកម្មក្នុងតំបន់ដែលមមាញឹកមួយក្បែរស្ថានីយ៍រថភ្លើង ទទួលព្យាបាលអ្នកជំងឺដែលមានជំងឺធ្លាក់ទឹកចិត្ត និងភ័យស្លន់ស្លោ ដោយផ្តោតលើការជួយពួកគេឲ្យត្រឡប់ទៅធ្វើការវិញ។
អគ្គិភ័យនេះ គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន បន្ទាប់ពីមានអគ្គិភ័យមួយកាលពីឆ្នាំ ២០១៩ ក្នុងស្ទូឌីយ៉ូគំនូរជីវចលក្នុងទីក្រុងក្យូតូ ដែលបានសម្លាប់មនុស្សចំនួន ៣៦នាក់ និងបណ្តាលឲ្យមនុស្សចំនួនរាប់សិបនាក់ផ្សេងទៀតរងរបួស ៕