គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន ០៥នាក់នៅស្រុកភ្នំស្រួច
កំពង់ស្ពឺ ៖ នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ ត្រង់ចំណុចភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៥នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3F-9021 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-4478 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួនក្រោយពីកើតហេតុ) អ្នករួមដំណើរ០១នាក់ប្រុស ធ្វើដំណើរពីលិចទៅកើត ។ លុះមកដល់ចំណុចខាងលើ បានបុករថយន្ត០១គ្រឿងម៉ាក LEXUS 570 ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2E-2727បើកបរដោយឈ្មោះ កែវ ណារឹទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរចំនួន០៥ នាក់ ស្រី០៣ នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យឈ្មោះ កែវ ណារឹទ្ធ ស្លាប់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ស្រាលចំនួន ៥នាក់ ស្រី ៣នាក់ ត្រូវបានរថយន្តបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ សមត្ថកិច្ចបាននាំយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវីធី ៕