រថយន្តបុកម៉ូតូពីក្រោយ បណ្តាលអោយមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ នៅស្រុករតនមណ្ឌល
បាត់ដំបង ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៥ព្រឹក ត្រង់ចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើង រវាងម៉ូតូនិងរថយន្ត បណ្តាលអោយមនុស្សចំនួន ០២នាក់រងរបួសធ្ងន់ និងមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ០១គ្រឿង ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ប្រផេះ ចង្កូតស្ដាំ ពាក់ស្លាកលេខ PL-0069 បើកបរក្នុងទិសដៅស្របគ្នាពីកើតមកលិច ដល់ចំនុចកើតហេតុបានបុកម៉ូតូ ០១គ្រឿង ចំពីខាងក្រោយបណ្តាយអោយរងរបួសធ្ងន់០២នាក់ និងស្លាប់០១នាក់ (អ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់)។ ម៉ូតូម៉ាកវេវ សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1V-4386 បើកបរដោយឈ្មោះ ក្រាយ ច័ន្ទ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង (របូសធ្ងន់) អ្នករួមដំណើរឈ្មោះ សាយ ភារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ (ត្រូវជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរម្នាក់ទៀតត្រូវជាកូនប្រុសបង្កើត ឈ្មោះ ច័ន្ទ ភារី ភេទប្រុស អាយុ ៤ឆ្នាំ (របួសធ្ងន់)។
តាមការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់អោយដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តបើកក្នុងល្បឿនលឿន លុះពេលមកដល់កន្លែងកើតហេតុបានបុកម៉ូតូពីក្រោយពេញទំហឹងតែម្តង ។
ករណីនេះ កម្លាំងជំនាញនគរបាលស្រុកបានវាស់វែង និងដកហូតសម្ភារតាងម៉ូតូ០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕