ប្រជាពលរដ្ឋជាង១០នាក់ ដែលជួបឧបទ្ទវហេតុ នៅកណ្តាលសមុទ្រ ត្រូវបានជួយសង្គ្រោះ
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C ០៣គ្រឿង ចេញទៅលម្ហសមុទ្រ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលជួបឧបទ្ទវហេតុ ០២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។
លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជួនអូប័រល្បឿនលឿនចេញទៅជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន ២ករណីផ្សេងគ្នា ក្នុងពេលតែមួយ គឺទី១.ផ្ទុះឆេះម៉ូតូទឹក មួយគ្រឿង ពេលកំពុងធ្វើដំណើរចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះ ០២នាក់ នៅលើម៉ូតូទឹក ឆេះរងបួស។ និងទី២.ទូកដឹកសម្ភារមួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរក្នុងទូកចំនួន ១០នាក់ ក្នុងនោះមានក្មេង ០៣នាក់ ពេលមកដល់ចំណុចខាងជើងកោះដែកគោល ទូកក៏បានបែកក្តាបាតបណ្តាលមកពីទឹករលកធំៗ។
បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានលោកឧកញ៉ាដឹកនាំក្រុមការងារផ្ទាល់ ធ្វើការអន្តរាគមន៍ជួយសង្គ្រោះដោយជោគជ័យ និងជនរងរបួស ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់យកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។