កម្លាំងសមត្ថកិច្ចមួយក្រុម ចុះទៅបង្ក្រាបគ្រឿងញៀន ភ្លាត់ស្នៀត ជនសង្ស័យដណ្តើមបានកាំភ្លើង បាញ់រះ៥គ្រាប់ផ្ទួនៗ ត្រូវមនុស្ស២នាក់ រងរបួសធ្ងន់
ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទះអាវុធ ក្នុងនោះស្ត្រីចំណាស់ម្នាក់រងរបួសត្រូវស្មាស្តាំ និងនារីម្នាក់ទៀតរងរបួសត្រូវដើមដៃស្តាំ បន្ទាប់ពីមានកម្លាំង សមត្ថកិច្ចមួយក្រុមចុះទៅបង្ក្រាបគ្រឿងញៀន ភ្លាត់ស្នៀតជនសង្ស័យ ដណ្តើមបានកាំភ្លើង បាញ់រះ៥គ្រាប់ផ្ទួនៗ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវលំ តំបន់សម្បុកគ្រឿងញៀន គោកបញ្ជាន់ ភូមិថ្មគោល៣១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ
ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ហៅយាយវិត ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ក្បែរគោកបញ្ជាន់ នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិ៍សែនជ័យ ជាប់ចំណាត់ថ្នាក់ល្បីខាងជួញដូរ ជក់ លក់ គ្រឿងញៀន មិនចាញ់បឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃកន្លងមក ចាប់លែងៗ ចាប់មិនចេះអស់ ហើយមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ តដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់លើសមត្ថកិច្ច និងបាញ់តាមផ្លូវ បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និងត្រូវចំក្មេងយុវតីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំភ្លើងបានវិញ ។
ក្រោយពីចាប់ខ្លួនជនសង្ស័យ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យរៀងខ្លួន ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកនារីរងគ្រោះត្រូវបានដឹកតាមម៉ូតូកង់បី យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង៕