ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រំលឹកខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ

76

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយា បានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
ដែលយើងត្រូវតស៊ូ ផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។

សម្តេចបានបន្តថា ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នា ក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវ មិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើង សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយា ស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការ រស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។
ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ (ពេលនោះខ្ញុំ មានអាយុ២៤ឆ្នាំឯភរិយាខ្ញុំអាយុ២២ឆ្នាំ) រហូតមកដល់ពេលនេះ យើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ច ចំពោះជីវិតតស៊ូដ៏លំបាកបំផុត របស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។

សៀវភៅគូព្រេងមិនព្រាត់ដែលខ្ញុំសរសេរ រៀបរាប់ពីជិវិតប្តីប្រពន្ធរបស់ខ្ញុំត្រូវបាន បោះពុម្ភជាភាសាខ្មែរ អង់គ្លេសនិងចិន។
ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ក៍ចាប់ផ្តើមថតហើយដែរ ដែលអាចប្រើរយៈពេល១៤ខែទើបអាច បញ្ចប់បានព្រោះជារឿងភាគដែលវែង៕

អត្ថបទដែលជាប់ទាក់ទង