ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ពិនិត្យមើលវឌ្ឍនភាព ការងារទាក់ទង នឹងកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើង វិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌល ផ្តល់សេវាសាធារណៈ ពង្រាងបណ្ដាញផែនទីផ្លូវថ្នល់ និងការងារត្រៀមរៀបចំសន្និបាតក្រសួង

63

 

ភ្នំពេញ ៖ នៅថ្ងៃពុធទី០៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានអញ្ជើញ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងថ្មី វឌ្ឍនភាពប្រព័ន្ធដកពិន្ទុ និងបំពេញពិន្ទុឡើងវិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌលផ្តល់សេវាសាធារណៈ ពង្រាងបណ្ដាញផែនទីផ្លូវថ្នល់ ការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ក្រសួង។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីប្រសិទ្ធភាពនៃប្រព័ន្ធដក ពិន្ទុ និងបំពេញពិន្ទុឡើងវិញលើបណ្ណបើកបរ និងបានសម្តែងនូវការកោតសរសើរដល់ក្រុមការងារព័ត៌មាន វិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ ដែលបានខិត ខំប្រឹងប្រែងសហការល្អក្នុងការតភ្ជាប់ប្រព័ន្ធរវាងក្រសួងទាំងពីរដោយជោគជ័យ និងបានបន្ថែមថា៖ ប្រព័ន្ធ នេះត្រូវបានធ្វើបទបង្ហាញគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចហើយ ដោយក្នុងនោះសម្តេចបានផ្តល់ការគាំទ្រ និងជំរុញបន្ថែមទៀតលើការអនុវត្តការងារនេះ។

ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ក្រសួងបានស្នើទៅ UNDP(កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដែលក្នុង នោះទីតាំងទី១ឋិតនៅទីស្តីការក្រសួង និងទីតាំងបួនកន្លងទៀតឋិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងបានស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថាក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី។

ទាក់ទងនឹងការបង្កើតប្រព័ន្ធតេឡេក្រាមជូនសាធារណជនប្រើប្រាស់ដោយសេរីក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ក្រសួង កំពុងពិភាក្សាជាមួយអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីជំរុញយន្តការនៃការប្រើប្រាស់ប្រព័ន្ធតេឡេក្រាមនេះឱ្យមានលក្ខណៈអាចដំណើរការបានដោយនិរន្តរភាព និងមានភាពចាស់ទុំ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់។ ជាងនេះទៀត ក្រសួងក៏កំពុងពិនិត្យលទ្ធភាពផងដែរក្នុងការដាក់បញ្ចូលកម្មវិធី (App) និងយន្តការបច្ចេកវិទ្យាស្វ័យប្រវត្តិមួយចំនួន ដើម្បីធ្វើឱ្យការគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យសម្រាប់មន្ត្រី និងនគរបាលពាក់ព័ន្ធកាន់តែមានភាពងាយស្រួល ងាយស្រួលគ្រប់គ្រង និងមានទិន្នន័យសម្រាប់បង្កើតជាផែនការយុទ្ធសាស្ត្រ។

ដោយឡែកចំពោះការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២របស់ក្រសួង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលបានសម្រេចឯកភាពជ្រើសរើសយកប្រធានបទក្រោម ចំណងជើងថា៖ “ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងការប្រែប្រួលអាកាស ធាតុ ការគ្រប់គ្រងការងារសាងសង់ និងថែទាំផ្លូវឱ្យមានគុណភាព ផ្ដោតលើបច្ចេកវិទ្យាទំនើប”។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរ អំពីការងារត្រៀមរៀបចំសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបញ្ចប់ការស្ថាបនានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការស្ថាបនាទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការនាំយកនិស្សិតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចុះទៅមើលការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដោយផ្ទាល់ ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ ការងារជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង