ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ៖ អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មិនអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះជាដាច់ខាត

301

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសផ្លូវការ ដោយបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត។ នេះបើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការប្រកាសរបស់ក្រសួងសុខាភិបាល ធ្វើឡើងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនាព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់។

ក្នុងលិខិតរបស់រដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់ថា «ករណីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរកឃើញថា ជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវអាកាស។ ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាពឆ្លងលឿន។ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមា នូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍អ្នកជំងឺកូវីដ-១៩
បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ»។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ ត្រូវស្នាក់នៅ ថែទាំ និងព្យាបាល នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យមានការអន្តរាគមន៍ សម្រាប់អ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ព្យាបាលនៅផ្ទះនោះឡើយ គឺត្រូវព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះបីជាអ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មីនោះមានឋានៈណាក៏ដោយ ទោះមាន ឬក្រក្តី គឺត្រូវតែទៅព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថាប័នទទួលខុសត្រូវ មិនបាច់សុំយោបល់ពីសម្តេចនោះទេ។ ជាមួយគ្នានេះ ប្រសិនបើសម្តេចអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ហើយត្រឡប់មកកម្ពុជា រកឃើញ «អូមីក្រុង» សម្តេចក៏ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ដូចអ្នកជំងឺដទៃដែរ ដើម្បីធ្វើជាគំរូសម្រាប់ប្រជាជន។

បើតាមការបញ្ជាក់របស់សម្តេចតេជោ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» ចំនួន៩៤ករណី ក្នុងនោះមានករណីមួយចំនួនបានព្យាបាលជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង