សុីម៉ាក់ នឹងរំដោះខេត្តទិសខាងត្បូងប្រទេស ឱ្យអស់ការគំរាមកំហែងដោយសារមីន
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ បានបិទបញ្ចប់សិក្ខាសាលាចំនួន៣ថ្ងៃរបស់ខ្លួនប្រកបដោយជោគជ័យ។ សិក្ខាសាលានេះបានប្រមូលធាតុចូលយ៉ាងសំខាន់ ១.ផ្តោតលេីកំណែទម្រង់ប្រតិបតិ្តការ ២. កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនិងផ្គត់ផ្គង់បំពាក់សម្ភារ:ប្រតិបត្តិការ ៣. ការគ្រប់គ្រងធនធានមនុស្សនិងរដ្ឋបាល។ ចំណុចទី២ និងទី៣ ជាចន្ទល់ទ្រទ្រង់ប្រសិទ្ធភាពប្រតិបតិ្តការនិងសំរេចផែនការយុទ្ធសាស្ត្ររបស់អង្គភាព។
ផ្អែកលេីលទ្ធផលពិភាក្សាគ្នានេះ សម្រាប់ឆ្នាំ២០២២នេះ អង្គភាពសុីម៉ាក់ អាចមានសមត្ថភាពសម្រេចមហិ្ឆតារបស់ខ្លួននៃគោលដៅរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនចំនួនជាង១៥.០០០ហិចតា (១៥០គីឡូម៉ែត្រក្រឡាជាពហុកោណនៃទិន្នន័យជាតិ) និងផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមនិងសំណល់យុទ្ធភណ្ធសង្គ្រាមចំនួនជាង៦.០០០ហិចតា (៦០គីឡូម៉ែត្រក្រឡា) ព្រមទាំងការអប់រំជាង៥៥០,០០០ខ្នងផ្ទះផងដែរ។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះតម្រង់ទិសអាទិភាពសម្រាប់តំបន់ពហុកោណដែលមានគ្រាប់មីនប្រឆាំងមនុស្ស តាមរយ:យុទ្ធសាស្ត្រ៖ ១. រំដោះខេត្តទិសខាងត្បូងប្រទេសឱ្យអស់ការគំរាមកំហែងដោយសារមីន ២. រំដោះតំបន់ទេសចរណ៍/តំបន់ប្រាង្គប្រាសាទ ៣. តំបន់ដីសេដ្ឋកិច្ចសង្គម ៤. តំបន់ព្រំដែនដែលត្រូវអភិវឌ្ឍន៍ និងទី៥ តំបន់គ្រាប់បែកចង្កោម ជាពិសេសបណ្តាខេត្តទិសខាងកេីតប្រទេស។
ផ្អែកតាមផែនការនេះអង្គភាពសុីម៉ាក់ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម អាចរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលនៅសេសសល់បានចំនួនជាង៧០០.០០០ហិចតា (៧០០គីឡូម៉ែត្រក្រឡា) ស្មេីនឹងជាង៩០%នៃពហុកោណផ្ទៃដីចំការមីនដែលនៅសល់ ឱ្យអស់ត្រឹមចុងឆ្នាំ២០២៥ រីឯប្រមាណ១០%អាចធ្វេីដោយប្រតិបត្តិករផេ្សងៗទៀត។
ប្រសិនជាគោលដៅនេះសម្រេចបាននោះ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជាមួយសហគមន៍អន្តរជាតិ ដែលថាកម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥ នឹងទទួលជោគជ័យតាមស្មារតីនៃការតាំងចិត្តនោះខានតែបាន! ។
សូមបញ្ជាក់ថា៖ បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតែបន្តមានក្រោយពី២០២៥គឺ ១.បញ្ហាគ្រាប់បែកចង្កោម ២.បញ្ហាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទូទៅនិងគ្រាប់បែកទម្លាក់ពីយន្តហោះ ជាដេីម។
ទស្សនរួមរបស់អង្គភាពសុីម៉ាក់៖ “លុបបំបាត់ការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម នាំមកនូវសុខសុវត្ថិភាពនិងក្តីសង្ឃឹម សម្រាប់អនាគតមួយរុងរឿង =Removing Landmines/the Explosive Remnants of war, Returning Hopes and Rebuilding prosperous future!”.៕