លោក ជា ចន្ទ័បរិបូរណ៏ ៖ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃCAMSOCលើកទឹកចិត្តឲ្យ ប្រព័ន្ធផ្សព្វផ្សាយជាតិ អាចផ្សាយផ្ទាល់ គ្រប់ការប្រកួតស៊ីហ្គេម ២០២៣
ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើកឡើងថា គ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់ ត្រូវបានជំរុញលើកទឹកចិត្តអាច ផ្សាយផ្ទាល់គ្រប់ការប្រកួត គ្រប់វិញ្ញាសា សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អា ស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។
លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថា គោលការណ៍នេះត្រូវបាន ជំរុញបន្ថែមបន្ទាប់ពីទទួលបាន អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ការលើកទឹកចិត្តឲ្យប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកទាំងអស់ ដែល មានលទ្ធភាពអាចមានសិទ្ធិ រៀបចំការផ្សាយផ្ទាល់លើ គ្រប់ប្រភេទកីឡា ឬលើវិញ្ញាសាទាំងអស់ ដែលខ្លួនអង្គភាពសារព័ត៌មាន នោះអាចធ្វើទៅបាន ដើម្បីជំរុញឲ្យការផ្សព្វផ្សាយ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាកាន់ តែផុលផុសជូនដល់ប្រជាពលរដ្ឋ។
ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មានបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយនេះត្រូវបាន បែងចែកជាពីរ គឺទី១ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ពត៌មានក្នុងស្រុក និងទី២ គឺការផ្សព្វផ្សាយអន្តរជាតិ ត្រូវចុះឈ្មោះរៀបចំ ជាមួយមជ្ឈមណ្ឌលព័ត៌មាន (Media Center)។ ចំពោះបច្ចុប្បន្នភាព នៃការផ្សព្វផ្សាយព័ត៌មាន ស្តីពីយុទ្ធនាការឆ្ពោះទៅទទួលម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺត្រូវបានគណៈកម្មការជំនាញនៃ CAMSOC កំពុងជំរុញការផ្សព្វផ្សាយឲ្យ កាន់តែទូលំទូលាយ ដើម្បីបញ្រ្ជាបពីដំណេះដឹង ស្តីពីការប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋឲ្យចូលរួមគាំទ្រ ដល់ដំណើរឆ្ពោះទៅព្រឹត្តិការណ៍អន្តរជាតិ នៅកម្ពុជា ឆ្នាំ២០២៣ផងដែរ។
លោក ជា ច័ន្ទបរិបូរណ៍ បានអំពាវនាវ និងលើកចិត្តទឹកដល់ ប្រព័ន្ធផ្សព្វផ្សាយជាតិទាំងអស់ចូលរួម ផ្សព្វផ្សាយឲ្យកាន់តែទូលាយ ជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត ជាពិសេសគឺយុទ្ធនាការជាតិ ស្តីពីការផ្សព្វផ្សាយឆ្ពោះ ទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នូវគោលការណ៍សំខាន់ៗ ដូចជា កម្ពុជាស្អាត, កីឡារស់ក្នុងសន្តិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ និងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ណ៍-គ្រឿងញៀន ។ នេះជាការគោលដៅចម្បងៗ ដើម្បីទទួលស្វាគមន៍ អត្តពលិកអន្តរជាតិ និងភ្ញៀវអន្តរជាតិមក ចូលរួមប្រកួតកីឡានៅកម្ពុជា នាឆ្នាំ២០២៣។ ដូច្នេះយើងនៅតែ បន្តធ្វើសកម្មភា ពយ៉ាងសកម្មរហូត ដល់ថ្ងៃប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តែម្តង ពីព្រោះថា យើងនៅ សល់រយៈពេលតែជាង ៤០០ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះទទួលបានជោគជ័យ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រព័ន្ធផ្សព្វផ្សាយជាតិ ទាំងអស់នឹងបន្តជំរុញ បន្ថែមយ៉ាងក្លៀវក្លា និងមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋទាំងអស់ ពីព្រោះថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជារបស់យើងទាំងអស់គ្នា ។
ឯកឧត្តមបន្ថែមថា សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម គឺគណៈកម្មការជំនាញ នានានៃ CAMSOC នឹងទៅចូលរួមក្នុងពិធីប្រគល់- ទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម ហើយក្នុងនោះ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មានក៏នឹងទៅសិក្សា អំពីការរៀបចំមជ្ឈមណ្ឌលព័ត៌មាន និងពិនិត្យមើលលើការរៀបចំ ក្នុងបរិបទជំងឺកូវីដ-១៩ ថាតើគេរៀបចំបែបណា ហើយយើងពេលត្រឡប់មកវិញ យើងនឹងច្របាច់ បញ្ជូលគ្នាយកអ្វីដែលជាចំណុចសំខាន់ៗ និងត្រៀមដាក់បញ្ជូល ក្នុងសៀវភៅមគ្គុទ្ទេសព័ត៌មានស៊ីហ្គេម។
លោកបានបញ្ជាក់ថា ទាក់ទងនឹងផ្នែកផ្សព្វផ្សាយ និងព័ត៌មាន គឺ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាអនុប្រធាន CAM SOC នឹងត្រូវដឹកនាំការផ្សព្វផ្សាយ ជាមួយលោក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រោះពេលស៊ីហ្គេម យើងត្រូវការប្រើប្រាស់ ប្រព័ន្ធអ៊ិនធឺណេត ដោយនៅពេលនេះ យើងកំពុងស្នើសុំគោលការណ៍ សម្រេចពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC៕
សំរិត