ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែក បញ្ចៀសប្រទេសនេះ ពីអំពើហឹង្សានិងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់

303

 

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំបានបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែក បញ្ចៀសប្រទេសនេះ ពីអំពើហឹង្សានិងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់ អ្នកដែលត្រូវការដោយគ្មានការរើសអើង។

អាស៊ាន និងដៃគូដែលចង់ចូលរួម ក៏ដូចជាមីយ៉ាន់ម៉ាខ្លួនឯង នៅមានកិច្ចការជាច្រើន ដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់ និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់ មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។

អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយ មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំង ចាក់ការពារជំងឺរាតត្បាតកូវីដ១៩។

សម្ដេចអគ្គមហាសេនាបតីតេជោ បានថ្លែងបន្តថា ខ្ញុំសូមឆ្លៀតឱកាសនេះ បញ្ជាក់ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំ នៃថ្ងៃដែលខ្ញុំបានទទួលតំណែង ជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ហើយដែលអាចចាត់ទុកថា ជារដ្ឋមន្ត្រីការបរទេស ដែលមានវ័យក្មេងជាងគេ នៅលើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រី អស់រយៈពេល៣៧ឆ្នាំហើយក៏ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជីវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ។

នៅម៉ោងប្រមាណជា១១និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់កម្ពុជាប្រទេសវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញទៅទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ជាលទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្រេចលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយឯកឧត្តមបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សាផងដែរ។
បន្ថែមពីនេះ ឯកឧត្តមក៏បានគាំទ្រឲ្យមានកិច្ចប្រជុំ ដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ច របស់ប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

នៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ជំនួយមួយចំនួនទៀត ដល់មីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរក្នុងនោះមានដូចជា ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង