ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ មានគោលដៅប្រែក្លាយខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អ

60

 

សៀមរាប ៖ ថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត តំណាងអង្គភាពសាងសង់ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរដោយថ្មើរជើងដើម្បីពិនិត្យមើលការកែលម្អរង្វង់មូលស្វាយធំ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំកណ្ដែក ស្រុកបាគង ខេត្តសៀមរាប ផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយទោចក្រយានតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ខឿនចិញ្ចើមផ្លូវដែលបានរៀបរួច គម្របលូនៅសងខាងផ្លូវ ការដាំដើមឈើនៅក្នុងសួនពុះទ្រូងចែកផ្លូវ និងផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តផងដែរ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីទឹកចិត្តប្រកបដោយ សប្បុរសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១២ ២៩៩ តំណជាមួយនឹងប្រព័ន្ធលូមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ ដើម្បីជាចំណងដៃដ៏ថ្លៃថ្លា ជូនដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ដែលគិតរហូតមកទល់ពេលនេះការតភ្ជាប់នេះ សម្រេចបានប្រមាណ៥០%ហើយ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរ អំពីការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកកាន់ប្រព័ន្ធលូមេ ហើយបង្ហូរចូលទៅប្រព័ន្ធចម្រោះទឹកកខ្វក់សាងសង់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ ដែលបានសាងសង់រួចក្នុងជំហានទី១ និងបច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយភាគីកូរ៉េបន្ថែមទៀតនៅក្នុងជំហានទី២ ដើម្បីពង្រីកសមត្ថភាពនៃការចម្រោះទឹកកខ្វក់នៅក្នុងក្រុងសៀមរាប និងលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការរីកចម្រើន លើវិស័យសាធារណការ និងដឹកជញ្ជូន​ នៅក្នុងសម័យតេជោ ដែលក្នុងនោះរួមមាន៖ ការសាងសង់ផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនានា ពីខេត្តមួយទៅខេត្តមួយដោយផ្លូវកៅស៊ូ និងការឈានចូលដល់ដំណាក់កាលពង្រឹងគុណភាពផ្លូវ ពីផ្លូវកៅស៊ូពីរស្រទាប់ស្ដើងទៅផ្លូវបេតុងកៅស៊ូ(AC) ការពង្រីកផ្លូវពីពីរគន្លងទៅបួនគន្លងឱ្យសមស្រប ទៅនឹងកំណើនយានយន្តធ្វើចរាចរណ៍ លើដងផ្លូវ ការកសាងផ្លូវក្រវាត់ក្រុងទីពីរ និងទីបី ការកសាងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ការកសាងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ការកសាងផ្លូវ៣៧ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងសមិទ្ធផលជាច្រើនផ្សេងទៀត ក្រោមដំបូលសុខសន្តិភាព និងភាពដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប រួមមានការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ។

ដោយឡែកការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន៣១២៥ ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤%។
គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រ​ និងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២ គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវ ដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើង ដល់ការតភ្ជាប់ពីទីប្រជុំជន ក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង