ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្តាហ៍ ចាប់ពីថ្ងៃទី៧-៩ ខែមករា នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ ជិត៤៦ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញ ពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរ សរុបចំនួន៤៥៦,៣៣៤នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន៤៤៣,៣៧៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១២,៩៥៦នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ៨៥,៤៥៨នាក់
* ខេត្តព្រះសីហនុ ៧០,៦៤៨នាក់
* ខេត្តសៀមរាប ៥០,៤៥៥នាក់
* ខេត្តពោធិ៍សាត់ ៤៤,២៩១នាក់
* ខេត្តបាត់ដំបង ៣៥,៩៥២នាក់
* ខេត្តកំពត ៣២,០៤២នាក់។
យោងតាមតួលេខខាងលើ មានការកើនឡើង ប្រមាណ១៨៥.២៨% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ ដោយក្នុងនោះគ្រាន់ តែថ្ងៃឈប់សម្រាក ទិវាជ័យជម្នះ ៧ មករា មានភ្ញៀវសរុបប្រមាណ ជិត១៦ម៉ឺននាក់បាន ដើរកម្សាន្តតាមគោលដៅ ទេសចរណ៍នានាទូទាំងប្រទេស។
ចរន្តភ្ញៀវកុះករនាចុងសប្តាហ៍នេះ ជាការបង្កើនក្តីសង្ឃឹម សម្រាប់វិស័យឯកជន និងពលរដ្ឋដែលប្រកបមុខរបរ ក្នុងវិស័យទេសចរណ៍ បន្ទាប់ពីពេល ឆ្លងឆ្នាំសាកលកន្លងមក ដែលមានភ្ញៀវសរុបជាង២លាននាក់ ហើយក៏រំពឹងថា នាឱកាសចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២២ខាងមុខ ពិតជាមាន
ភ្ញៀវទេសចរ ដើរកម្សាន្តជាច្រើន បន្ថែមទៀតផងដែរ។
ជាមួយចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តបាន ណែនាំបន្ថែមឲ្យមន្ទីរទេសចរណ៍ សហការជាមួយមន្ទីរសុខាភិបាល និងគោលដៅ ទេសចរណ៍ទូទាំងប្រទេសបន្តខិតខំជំរុញអនុវត្តនូវវិធានការ៣កុំនិង៣ការពារ និងវិធានសុវត្ថិភាព ទេសចរណ៍ និងការអនុវត្តន៍ SOP ក្នុងការទប់ស្កាត់កូវីដ-១៩ ឲ្យបានជាប់ជាប្រចាំ៕