ប្រធានក្រុមការងារចុះជួយឃុំអណ្តូងថ្ម បានចូលរួម បើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២១-២០២២ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ លោក ចេង ស្រុង ប្រធាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារចុះជួយឃុំអណ្តូងថ្ម អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន អណ្តូងថ្ម ដែលមានការចូលរួមពីលោក លោកស្រី តំណាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ សប្បុរសជន មាតាបិតាសិស្ស និងសិស្សានុសិស្សចូលរួមផងដែរ។
ក្នុងឱកាសនោះលោក ចេង ស្រុង ប្រធាន ក្រុមការងារចុះជួយឃុំអណ្តូងថ្ម បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំ ។ យើងដឹងហើយថា ស្ថិតក្នុងបរិបទដែលពិភពលោក ទទួលរងការវាយប្រហារ និងគំរាមកំហែងពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ប្រទេសកម្ពុជា ក៏បានទទួលរងផលប៉ះពាល់ជាច្រើនលើវិស័យសំខាន់ៗ ក្នុងនោះវិស័យអប់រំ ក៏ត្រូវបានរាំងស្ទះក្នុងដំណើរការរបស់ខ្លួន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។ ប៉ុន្តែដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការដឹកនាំផ្ទាល់ពីលោកបណ្ឌិត សភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ យុវជន និងកីឡា បានធ្វើឱ្យវិស័យអប់រំ យុវជន និង កីឡានៅទូទាំងប្រទេស ធានាបាននូវគុណភាពដែលអាចទទួលយកបាន ។ អ្វីៗទាំងអស់នេះ ក៏កើត ចេញពីការខិតខំប្រឹងប្រែង ប្រកបដោយមនសិការវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ ហើយបទពិសោធដ៏លំបាកលំបិន និងស្មុគ្រស្មាញ ដែលយើង ទទួលបានពីជំងឺកូវីដ១៩ បានធ្វើឱ្យយើងរឹងមាំ ពិសេស ធ្វើឱ្យប្រជាជនកម្ពុជា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ បានកែទម្លាប់មកចេះធ្វើអនាម័យ និងចេះថែរក្សាសុខភាពការពារពីជំងឺ នានា ។
លោក ចេង ស្រុង ប្រធានក្រុមការងារចុះជួយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ក៏បានបន្ថែមថា ឆ្នាំសិក្សា ២០២១-២០២២ ជាមួយគ្នានេះ ដើម្បីឱ្យដំណើរនៃការរៀន និងបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មីនេះ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និង និរន្តរភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក និងគ្រប់ គ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមរួចជាស្រេចនូវសម្ភារៈអនាម័យ ម៉ាស់ អាល់កុល ដែល សាប៊ូ ឧបករណ៍វាស់ស្ទង់កម្ដៅស្វ័យប្រវត្តិ ការសម្អាតបរិស្ថាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពបង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតនិងកន្លែងលាងសម្អាតដៃបន្ថែមផងដែរ ៕