ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សជាប់បាក់ឌុបឆ្នាំនេះ មានជាង៧ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន

188

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨នេះ សិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២០ ខែសីហា ឆ្នាំ២០១៨ នៅទូទាំងប្រទេស មានចំនួន ៧៥ ០៥៩នាក់ ត្រូវជា ៦៦.២១% ច្រើនជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ ៦៣.៨៤% នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

ក្នុងសេចក្តីប្រកាស បានឲ្យដឹងថា លទ្ធអ្នកជាប់ជាង ៧ម៉ឺននាក់ ស្មើនឹងជាង៦៦%នេះ ក្នុងចំណោមបេក្ខជន ទៅប្រឡងជាង១១ម៉ឺននាក់ ទូទាំងប្រទេស ។ ដោយឡែក សម្រាប់បេក្ខជនជាប់និទ្ទេស A ចំនួន២៩០ នាក់ , Bចំនួន ១ ៥៣២ នាក់, Cចំនួន ៤ ៦៣១ នាក់, D ចំនួន ១៣ ៩៩៩ នាក់, និង Eចំនួន  ៥៤ ៦០៧ នាក់។ ក្នុងនោះរាជធានីភ្នំពេញ មានតួលេខខ្ពស់ជាងគេ ដោយនិទ្ទេសA មានចំនួន១៣៥នាក់ , សៀមរាបមាន២១នាក់ , កណ្តាលមាន១៦នាក់ , បាត់ដំបង់១៥នាក់ , តាកែវ១៥នាក់ , កំពង់ចាម១៣នាក់ , កំពត១១នាក់ , ត្បូងឃ្មុំ៩នាក់ , កំពង់ធំ៩នាក់ , កំពង់ឆ្នាំង៩នាក់ , បន្ទាយមានជ័យ៩នាក់ , ព្រៃវែង៨នាក់ , ក្រចេះ៦នាក់ , ពោធិ៍សាត់៤នាក់ , ស្វាយរៀង៣នាក់ , កំពង់ស្ពឺ៣នាក់ ព្រះសីហនុ៣នាក់ និងខេត្តរតនគិរីមានតែម្នាក់។

ចំណែកខេត្ត ដែលពុំមានបេក្ខជន ជាប់និន្ទេសA រួមមាន ខេត្តកោះកុង , កែប , មណ្ឌលគិរី, ឧត្តរមានជ័យ, ព្រះវិហារ, ប៉ៃលិន និងខេត្តស្ទឹងត្រែង។

ជាមួយគ្នានេះដែរ បេក្ខជន១៧នាក់ ត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ ដោយប្រព្រឹត្តខុសឆ្គងផ្ទុយ នឹងបទបញ្ញត្តិ និងកម្រិតវិន័យ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបកាលពីថ្ងៃទី២១-២១ សីហា មានមណ្ឌលប្រឡង នៅគ្រប់រាជធានី-ខេត្ត សរុប១៩៦មណ្ឌល , បន្ទប់៤៦៥៥បន្ទប់ និងបេក្ខជនចុះឈ្មោះ ក្នុងបញ្ជីសរុប ១១៥ ២៦៨នាក់ ដែលក្នុងនោះ ៩០១២០នាក់ ជាបេក្ខជនចំណេះទូទៅ , ១៧ ០៣១នាក់ ជាបេក្ខជនស្វ័យរិន , ៤៤២៥នាក់ ជាបេក្ខជនបំពេញវិជ្ជា និង៣ ៦៩២នាក់ ជាបេក្ខជនស្វ័យរិន បំពេញវិជ្ជា។ បេក្ខជនអវត្តមានចំនួន ១៩០៣នាក់៕

អត្ថបទដែលជាប់ទាក់ទង