ប្រមុខការទូតកម្ពុជា-ឥណ្ឌា ផ្លាស់ប្តូរយោបល់គ្នា អំពីការវិវឌ្ឍបច្ចុប្បន្ន នៅមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នា ពីតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនេះដោយសន្តិវិធី
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌ បានផ្លាស់ប្តូរយោបល់គ្នាអំពីការវិវឌ្ឍបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះដោយសន្តិវិធី តាមរយៈការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចប្រកបដោយប្រសិទិ្ធភាព។
ការផ្លាស់ប្តូរជំហរបែបនេះ របស់ប្រមុខការទូតកម្ពុជា-ឥណ្ឌា បានធ្វើតាមរយៈជួបសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និងបញ្ហាតំបន់ដែលជាកង្វល់ និងផលប្រយោជន៍រួម នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឧបនាយករដ្ឋ ប្រាក់ សុខុន និងបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើការឱ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌានៅឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងរួមគ្នារៀបចំព្រឹត្តិការណ៍ប្រកបដោយអត្ថន័យមួយចំនួន។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបន្ថែមថា ទស្សនកិច្ចរបស់លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា នៅកម្ពុជាពិតជាឱកាសដ៏ល្អមួយសម្រាប់លោកបណ្ឌិត ចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌា ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឥណ្ឌាដល់តំបន់មេគង្គ និងជំនួយដែលបានផ្ដល់ឱ្យកម្ពុជាតាមរយៈគម្រោងទទួលផលឆាប់រហ័ស (Quick Impact Projects) ក្រោមគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើ វិស័យកសិកម្ម បរិស្ថាន សុខាភិបាល អភិវឌ្ឍន៍ជនបទ អប់រំ និងវប្បធម៌។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា៖ «ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានផ្លាស់ប្តូរយោបល់គ្នាអំពីការវិវឌ្ឍបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះដោយសន្តិវិធី តាមរយៈការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចប្រកបដោយប្រសិទិ្ធភាព»។
ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន រដ្ឋមន្រ្តីការបរទេសឥណ្ឌា អំពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។
លោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាងជាមួយមីយ៉ាន់ម៉ា ឥណ្ឌាបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ៕