ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកអង្គការអន្តរជាតិមួយ បានសាទរចំពោះទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា ថា ជាទស្សនកិច្ចសន្តិភាព

83

 

ភ្នំពេញ ៖ អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានសាទរចំពោះទស្សនកិច្ចការងារ របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលចាត់ទុកថា “ជាទស្សនកិច្ចសន្តិភាព” ដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្ដល់ជំនួយមនុស្សធម៌ ដែលការងារនេះ អាចចាត់ទុកថាជាផ្លែផ្កានៃដំណើរអញ្ជើញរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា

នៅទំព័រហ្វេសប៊ុកផ្លូវការ Samdech Hun Sen, Cambodian Prime Minister បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) ចូលជួបពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូអនឡាញ( Video Conference)។

នៅក្នុងជំនួបនេះ លោកបណ្ឌិត យុន យ៉ុងហូ បានជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា អង្គការសហព័ន្ធសន្តិភាពសកល (UPF) សូមវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានកាន់ជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ស្វាគមន៍ និងអបអរសាទរចំពោះទស្សនកិច្ចការងារ របស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលចាត់ទុកថា ជាទស្សនកិច្ចសន្តិភាព ហើយសូមស្វាគមន៍ និងអបអរសាទនៃសមិទ្ធផលជោគជ័យ ពាក់ព័ន្ធទៅនឹងការជំរុញបទឈប់បា.ញ់រហូតដល់ចុងឆ្នាំ ២០២២នៅមីយ៉ាន់ម៉ា ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ាន ដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្ដល់ជំនួយមនុស្សធម៌ ដែលការងារនេះ អាចចាត់ទុកថាជាផ្លែផ្កានៃដំណើរអញ្ជើញរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា។

លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានគាំទ្រសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានទស្សនៈនូវសន្តិភាព។ ក្នុងឱកាសនេះ លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានរាយការណ៍ជូនសម្តេចតេជោ អំពីការត្រៀមរៀបចំកិច្ចប្រជុំពិភពលោកឆ្នាំ ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសារតែសម្ដេចតេជោនាយករដ្ឋមន្ត្រីគឺជាសហប្រធានគណៈកម្មការរៀបចំ នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។

នៅក្នុងជំនួបនេះដែរ លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីការត្រៀមរៀបចំនៅពេលប្រជុំនេះនៅខែកុម្ភៈឆ្នាំ២០២២ ដោយក្នុងនោះក្នុងគណៈកម្មការរៀបចំក៏បានអញ្ជើញឯកឧត្តម បាន គីមមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជ៉ំផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ លោកបណ្ឌិតបានរាយការណ៍ជូនសម្ដេចតេជោហ៊ុនសែនថា បានត្រៀមលក្ខណៈរួចរាល់ហើយ ជាពិសេសនឹងមានការចូលរួមជាច្រើនភាគី ពីប្រទេសកូរ៉េ និងជុំវិញពិភពលោក រួមទាំងថ្នាក់ដឹកនាំដែលកំពុងកាន់អំណាច និងអតីតថ្នាក់ដឹកនាំផងដែរ ហើយមានការចូលរួមពីបណ្ដាញ នៃប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន ប្រមាណ៣៥០០ប្រព័ន្ធ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ នៃកិច្ចប្រជុំកំពូលនាពេលខាងមុខ។

លោកបណ្ឌិតក៏បានរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ការចូលរួមពីបណ្ដាតំណាងប្រទេស១៥៧ប្រទេស ដែលមានស្ថានទូតដែលប្រចាំនៅប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយប្រជាពលរដ្ឋជុំវិញពិភពលោកនឹងចូលរួមតាមប្រព័ន្ធអនឡាញ។ លោកបណ្ឌិត អគ្គនាយកសហព័ន្ធសន្តិភាពសកល ក្នុងនាមលោកជំទាវ ហាក់ ចាហាន់ បួន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល ក៏បានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកម្មវិធីផ្ទាល់នៅថ្ងៃទី១២ ១៣ ខែកុម្ភះ ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឯកភាពទទួល នៃការអញ្ជើញចូលរួម។

ក្រៅពីនេះ លោកបណ្ឌិតក៏បានស្នើសុំសម្ដេចតេជោហ៊ុនសែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅក្នុងប្រទេសកម្ពុជា ជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ក្នុងការជំរុញឲ្យតំបន់មេគង្គមានសន្តិភាព។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ពាក់ព័ន្ធអំពីកិច្ចប្រជុំកំពូលស្តីពីសន្តិភាព ជាពិសេសនៅឧបទ្វីបកូរ៉េ ដោយសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីទស្សនទានរបស់អាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក សម្តេចតេជោបញ្ជាក់ថា ត្រូវមានគោលការណ៍ ៣នៅក្នុងការងារ គោលការណ៍៣យ៉ាងដែលត្រូវបានគាំទ្រ÷
ទី១) ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកត្រូវតែមានគោលដៅគាំទ្រសន្តិភាព និងការអភិវឌ្ឍ
ទី២) មិនត្រូវប្រឆាំងនឹងក្រុមណា ឬប្រទេសណាឡើយ
ទី៣) គឺត្រូវតែគាំទ្រអាស៊ាន និងទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង