លោក កឹម សុខា បានមកដល់ផ្ទះហើយ ក្រោយដោះលែង
ភ្នំពេញ៖ យោងតាមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា៖កងកម្លាំងសមត្ថកិច្ចបាននាំលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកដល់គេហដ្ឋានរបស់គាត់ហើយ (ប្រហែលម៉ោង៥ព្រឹក ម៉ោងនៅកម្ពុជាថ្ងៃទី ១០ កញ្ញា ២០១៨)។ មន្ត្រីដដែលបន្តថា៖ ទោះបីជាយ៉ាងណានៅពេលនេះលោកកឹម សុខា នឹងទទួលបានសេរីភាពមកវិញ កំរិតណានោះ មិនទាន់ដឹងឡើយទេ។
គួររំលឹកថា៖លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ។ លោកត្រូវបានតុលាការ បញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា៖កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ចៅក្រមសាលាឧទ្ធរណ៍ ដោយមិនមានវត្តមានលោក កឹម សុខា បានតម្កល់ទុកសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានពន្យារពេលឃុំខ្លួនលោករយៈពេល៦ខែទៀត។
គួរបញ្ជាក់ដែរថា៖លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អតីតគណបក្សប្រឆាំងនៅកម្ពុជា ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេល១ឆ្នាំ១សប្ដាហ៍នោះ បានត្រឡប់មកដល់លំនៅដ្ឋានរបស់លោកវិញហើយ នាព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញានេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
មន្ត្រីជំនាញផ្នែកច្បាប់បានបញ្ជាក់ថា៖តាមក្រមព្រហ្មទណ្ឌកម្ពុជា បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ។
ការចាប់ខ្លួនលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវិដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី លីប៊ី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕