រដ្ឋាភិបាលហ្វីលីពីន ចង់ពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី ជាមួយកម្ពុជាឱ្យកាន់ខ្លាំងថែម ទៀតលើវិស័យ សន្តិសុខសង្គម
ភ្នំពេញ៖ រដ្ឋាភិបាលហ្វីលីពីនបង្ហាញជំហររបស់ខ្លួន តាមរយៈឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការចង់ពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត លើវិស័យសន្តិសុខ ។ ការបង្ហាញជំហរបែបនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំកម្ពុជាជាមួយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា កាលពីរសៀលថ្ងៃទី១២ មេសា ឆ្នាំ២០២២ ហើយដែលត្រូវបានយកមកចុះផ្សាយ នៅលើផេកផ្លូវការរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខនោះ រួមមាន៖ កិច្ចសហប្រតិបត្តិការលើការងារ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្សជាដើម ដែលកិច្ចការទាំងនេះមួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា។
នៅក្នុងជំនួបនោះផងដែរ លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំ នៅកម្ពុជា បានបញ្ជាក់ជំហរថា ហ្វីលីពីននៅតែបន្តគាំទ្រ កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្រ រាល់ព្រឹត្តិការណ៍ដែលក្រសួងមហាផ្ទៃ ត្រូវធ្វើជាប្រធានដឹកនាំ នៅក្រោមក្របខណ្ឌនៃអាស៊ាននេះ ផងដែរ។
ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានឯកភាពចំពោះការលើកឡើង របស់លោកជំទាវនៅក្នុង ការជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌ ក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពិសេសការងារ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារពង្រីកសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ។
ដោយឡែកការងារទំនាក់ទំនង ការទូតទ្វេភាគីរវាងប្រទេសទាំងពីរវិញ សម្តេចក្រឡា ហោម មានជំនឿយ៉ាងមុតមាំថា នៅក្នុងអាណត្តិការទូត របស់លោកស្រី កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងហ្វីលី ពីន នឹងកាន់តែបន្តរីកចម្រើនថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌគ្រួសារអាស៊ានផងដែរ។
សម្តេចក្រឡាហោម បានបន្តថា ខណៈនៅក្នុងឆ្នាំ២០២២ កម្ពុជាទទួលធ្វើជាប្រធានអាស៊ាន សម្ដេចក៏សង្ឃឹមថា ហ្វីលីពីន នឹងបន្តចូលរួមគាំទ្រ ដល់ការបំពេញតួនាទីនេះរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួម របស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លា ថែមទៀតផងដែរ៕ សំរិត