ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ USAIDអាមេរិក ផ្តល់ថវិកា ប្រមាណ ២.១លានដុល្លារ សម្រាប់គម្រោងពិនិត្យភ្នែក និងការវាស់វ៉ែនតាភ្នែកដល់កុមារប្រមាណ ៨ម៉ឺននាក់ និងប្រជាពលរដ្ឋ ស្រី ប្រុស ប្រមាណ៣ម៉ឺននាក់ ដែលរស់នៅក្រោម បន្ទាត់ក្រីក្រនៅកម្ពុជា

245

 

ភ្នំពេញ៖ កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិហ្វ្រេតហូឡូ ព្រមទាំងដៃគូជាច្រើនទៀត បានរៀបចំកិច្ចប្រជុំស្តីពី ចាប់ផ្តើមអនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះនៅសណ្ឋាគារភ្នំពេញ។

កិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃ ក្នុងគោលបំណងដើម្បីបង្ហាញជូនដៃគូរបស់គម្រោង (ជាពិសេសមន្ត្រីបង្គោល និងថ្នាក់ដឹកនាំ)លើទិដ្ឋភាពរួមនៃគម្រោង គោលដៅផែនការថវិកា សូចនាករគោល និងយន្តការរាយការណ៍នៃការអនុវត្តគម្រោង។ នៅថ្ងៃទីពីរ នៃកិច្ចប្រជុំនេះនឹងមានសិក្ខាកាមមកពីបណ្តាអង្គការក្នុងវិស័យសុខភាពភ្នែកដ៏ទៃទៀតអញ្ជើញចូលរួម ដើម្បីពិភាក្សាលម្អិតអំពីប្រតិបត្តិការរបស់មណ្ឌលស្តារគំហើញ ដំណើរការទូទៅ ប្រព័ន្ធហិរញ្ញវត្ថុ ចរន្តថវិកា លទ្ធកម្មស្តុក សំដៅកំណត់នូវចំណុចខ្លាំង ចំណុចខ្សោយ កត្តាគំរាមកំហែង កាលានុវត្តភាព មេរៀនល្អៗ និងលើកឡើងនូវអនុសាសន៍ដើម្បីរៀបចំជាគំរូប្រតិបត្តិល្អ ដើម្បីធានាប្រសិទ្ទិភាព និងនិរន្តភាពរបស់មណ្ឌលស្តារគំហើញ។

នៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក បាក់ តូក្យូ នាយកមូលនិធិហ្វ្រេតហូឡូកម្ពុជា(FHF)បានឱ្យដឹងថា ដើម្បីជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពភ្នែក ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ USAID បានផ្តល់ថវិកាតាមរយៈអង្គការសហប្រជាជាតិ UNOPS ប្រមាណ ២.១លានដុល្លារអាមេរិក សម្រាប់គម្រោងជម្រុញការពិនិត្យភ្នែក និងការវាស់វ៉ែនតាតាមរយៈកម្មវិធីសុខភាពភ្នែកក្នុងសាលារៀន និងមណ្ឌលស្តារគំហើញនៅក្នុង១៦រាជធានី/ខេត្តនៅកម្ពុជា។ លោក បាក់ តូក្យូ បានបញ្ជាក់ថា កិច្ចប្រជុំដែលរៀបចំឡើងដោយកម្មវិធីជាតិសុខភាពភ្នែក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធីហ្វ្រេតហូឡូថ្ងៃនេះ ដើម្បីផ្សព្វផ្សាយពីការងារចាប់ផ្តើមអនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនេះនៅកម្ពុជា។

លោកបន្តថា កិច្ចប្រជុំស្តីពីគម្រោងនេះមានគោលបំណងស្វែងរកយន្តការល្អក្នុងការធានាធនធានហិរញ្ញវត្ថុ ដើម្បីផ្តល់សេវាវាស់វ៉ែនតាជូនប្រជាពលរដ្ឋមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន។ ជំរុញការលើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋ និងសិស្សានុសិស្សទាក់ទងនឹងសុខភាពភ្នែក ដើម្បីបង្កើនការប្រើប្រាស់សេវា និងការពាក់វ៉ែនតា។ និងជម្រុញការពិនិត្យភ្នែក និងការវាស់វ៉ែនតាតាមរយៈកម្មវិធីសុខភាពភ្នែកក្នុងសាលារៀន និងមណ្ឌលស្តារគំហើញនៅក្នុង១៦រាជធានី/ខេត្ត ដោយរំពឹងថានឹងអាចផ្តល់វ៉ែនតាដល់កុមារប្រមាណ ៨ម៉ឺននាក់ និងប្រជាពលរដ្ឋ ស្រី ប្រុស ប្រមាណ៣ម៉ឺននាក់ដែលរស់នៅក្រោមបន្ទាត់ក្រីក្រ។

លោកតាងនាមឱ្យមូលនិធិហ្វ្រេតហូឡូ និងប្រជាពលរដ្ឋកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ USAID ដែលបានផ្តល់ថវិកាចាំបាច់ តាមរយៈអង្គការសហប្រជាជាតិ UNOPS ដើម្បីឱ្យយើងអាចរៀបចំ និងអនុវត្តគម្រោងដ៏មានសារសំខាន់នេះ និងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការសហការដ៏ល្អប្រសើរ និងគាំទ្រដល់ការរៀបចំ និងអនុវវត្តគម្រោងនេះ។

យោងតាមរបាយការណ៍អង្កេតរហ័សថ្នាក់ជាតិ លើភាពពិការភ្នែកដែលអាចជៀសវាងបានឆ្នាំ២០១៩ បានបង្ហាញថាក្នុងចំណោមមនុស្សដែលមានអាយុលើសពី៥០ឆ្នាំ មានបញ្ហាកំហុសកំណុំរូបភាព គឺជាមូលហេតុចម្បងនៃបញ្ហាខ្សោយគំហើញកម្រិតស្រាល (៦១.២%) និងជាមូលហេតុចម្បងទី២ នៃបញ្ហាខ្សោយគំហើញកម្រឹតមធ្យម ( ១៧.៥%)។ របាយការណ៍ក៏បានបង្ហាញថា ប្រជាពលរដ្ឋអាយុលើស ៥០ឆ្នាំ ប្រមាណ ៨០% ដែលមានបញ្ហាម្ញូបភ្នែកមិនមានវែនតាពាក់ទេ នេះមិនរាប់បញ្ចូលប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក Presbyopia ដែលមានរហូតដល់៨៩.៣%។

បើផ្អែកលើរបាយការណ៍ពិភពលោកស្តីពីគំហើញឆ្នាំ២០១៩ គេប៉ាន់ស្មានថានៅទូទាំងពិភពលោក មនុស្សប្រមាណ១៨០០លាននាក់ មានបញ្ហា Presbyopia និងមានមនុស្សប្រមាណ ២៦០០លាននាក់ មានបញ្ហាម្ញូបឆ្ងាយ ហើយចំនួននេះអាចនឹងកើនដល់ ៤៧០០លាននាក់ក្នុងឆ្នាំ២០៥០។ របាយការណ៍បញ្ជាក់ថា បញ្ហាកំហុសកំណុំរូបភាពបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ពិសេសក្នុងវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស សុខភាព មុខរបរ និងជីវភាព និងសេដ្ឋកិច្ចជាតិជារួម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង