ប្រជាជនអាហ្វហ្គានីស្ថាន ប្រមាណ២៣លាននាក់ ស្មេីនឹងប្រមាណ៥៥% កំពុងប្រឈមមុខជាមួយគ្រោះទុរ្ភិក្ស
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានថ្លែងថា ប្រជាជនអាហ្វហ្គានីស្ថាន ប្រមាណ២៣លាននាក់ ស្មេីនឹងប្រមាណ៥៥% កំពុងប្រឈមមុខជាមួយគ្រោះទុរ្ភិក្ស ខ្វះជំរកស្នាក់នៅ និងប្រមាណ៩លាននាក់ ប្រឈមមុខខ្វះអាហារបឋមធ្ងន់ធ្ងរបំផុត (នេះបេីយោងតាមរបាយការណ៍អន្តរជាតិនានា)។
អគ្គនាយកស៊ីម៉ាក់ បានបន្តថា ឃេីញព័ត៌មាននេះ រលឹកនឹកឃេីញប្រទេសកម្ពុជាខ្លួនឯង ដែលរូបខ្ញុំនិងគ្រួសារក៏ដូចពលរដ្ឋខែ្មររាប់លាននាក់ ធ្លាប់ឆ្លងកាត់ក្នុងរបបមហាយង់ឃ្នង ប៉ុល ពត និងសម័យសង្គ្រាម! ពិតជាយល់អារម្មណ៍ដ៍មហាទុក្ខវេទនាហត់ហេវអត់អាហារមួយនេះណាស់!! រូបភាពដូចគ្នានេះធ្លាប់កេីតនៅលេីទឹកដីនៃព្រះរាជាណាចក្រនេះមិនយូរប៉ុន្មានទេ! ។ ហេីយសំណល់នៃសង្គ្រាម ដូចជាការបែកបាក់សង្គម ស្លាប់ របួស និរាសព្រាត់ប្រាស់គ្រួសារ សេដ្ឋកិច្ចជាតិហិនហោច កម្ទេចនានា….. ទន្ទឹងនឹងនេះ បន្តបន្សល់ទុកសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ដែលអាចសម្លាប់របួស និងបង្កទុក្ខវេទនា ដល់ប្រជាជនកម្ពុជា ច្រេីនជំនាន់បន្តទៅមុខទៀត ។
នេះជាលទ្ធផល នៃសង្គ្រាមដែល បានប្រែក្លាយពីប្រទេសមួយសម្បូរសប្បាយរីករាយ រុងរឿង ទៅជាប្រទេសឋាននរក ទុរ្ភិក្ស….. រដូវរងារធ្លាក់ទឹកកក គ្មានទីជំរក តេីត្រូវរស់នៅរបៀបណា? ពិភពលោកនេះ ពិតជាគ្មានទេយុត្តិធម៌!! អាណិតអាសូរបំផុត ចំពោះកុមារតូចៗ! ។