ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានសិស្ស៤នាក់ មានពិន្ទុខ្ពស់ជាងគេ , សិស្ស ប៉េង គីមហេងទ បាន​ពិន្ទុ ១០០

439


រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសអបអរសាទរបេក្ខជន ប៉េង គីមហេង ទទួល​បាន​និទ្ទេស A លំដាប់​ពិន្ទុ ១០០ពេញ។
លទ្ធផល នៃការប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះ​ទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨ មានបេក្ខជនតែម្នាក់ប៉ុណ្ណោះ ដែលទទួលបានពិន្ទុ១០០ពេញ (និទ្ទេស A) ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលទទួលបាននិទ្ទេស A សរុប២៩០នាក់ គឺបេក្ខជន ប៉េង គីមហេង មកពីវិទ្យាល័យប៊ែលធីសាខាទី៧ ក្នុងរាជធានីភ្នំពេញ។

ការដណ្តើមបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុ១០០ពេញរបស់បេក្ខជន ប៉េង គីមហេង មកពីវិទ្យាល័យប៊ែលធី ។

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថា សិស្សដែលទទួលបាន និទ្ទេស A មានលំដាប់ពិន្ទុរហូតដល់១០០ពេញ គឺមានតែបេក្ខជន ប៉េង គីមហេង​ ម្នាក់ប៉ុណ្ណោះ មកវិទ្យាល័យប៊ែលធីសាខាទី៧ ក្នុងរាជធានីភ្នំពេញ។

យោងតាមជីវប្រវត្តិរបស់បេក្ខជន ប៉េង គីមហេង ជា យុវជនដែលមានចំណេះដឹងដ៏ខ្លាំង កើតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០០ នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែបច្ចុប្បន្នរស់នៅផ្ទះលេខ២៤៣ ផ្លូវលេខ១៥០z សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យុវជន ប៉េង គីមហេង មានឪពុកឈ្មោះ ប៉េង ទី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ គី ប៊ុនហៀង មានអាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ។

លទ្ធផល​បេក្ខជន​សរុប​តាម​និទ្ទេស​ នា​សម័យ​ប្រឡង ២០ សីហា ២០១៨៖ បេក្ខជន និទ្ទេស​ A ២៩០ នាក់ បេក្ខជន និទ្ទេស​ B ១​ ៥៣២ នាក់ បេក្ខជន និទ្ទេស​ C ៤ ៦៣១ នាក់ បេក្ខជន និទ្ទេស​ D ១៣ ៩៩៩ នាក់ និងបេក្ខជន និទ្ទេស​ E ៥៤ ៦០៧ នាក់។

បេក្ខជនប្រឡង​ជាប់ទូទាំង​ប្រទេស​​មាន​ចំនូន ៧៥ ០៥៩ នាក់​ ត្រូវ​​ជា​៦៦,២១% ច្រើន​ជាង​ឆ្នាំ​២០១៧​ ដែល​មាន​តែ​៦៣,៨៤%។

បេក្ខជនចំនូន​១៧​នាក់​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ​ដោយ​បាន​ប្រព្រឹត្ត​ខុសឆ្គង​​ ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​។

ការធ្លាក់ចុះនៃកម្រិតសិស្សទទួលបាននិទ្ទេស A នេះ ដោយសារកែវិញ្ញាសាមានការរឹតត្បិតជាងឆ្នាំកន្លងទៅ។ ជាមួយការបង្ហាញលទ្ធផលនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញសិស្ស៤រូប ដែលទទួលបានពិន្ទុខ្ពស់ជាងគេផងដែរ។ ក្នុងចំណោមសិស្សខ្លាំងទាំង៤រូបនេះ មានសិស្សជានារី ៣នាក់។ សិស្សខ្លាំងទាំង៤នេះរួមមាន៖ ១. សិស្សឈ្មោះ ប៉េង គឹមហេង មកពីវិទ្យាល័យប៊ែលធីអន្តរជាតិសាខាទី៧ ទទួលបានពិន្ទុ ១០០ , ២. សិស្សឈ្មោះ តែ ស៊ូចេង មកពីវិទ្យាល័យអន្តរជាតិសិង្ហបុរី ទទួលបានពិន្ទុ ៩៩,៩៩៩ , ៣. សិស្សឈ្មោះ ទឹម សុនិសា មកពីវិទ្យាល័យសន្ធរម៉ុក ទទួលបានពិន្ទុ ៩៩.៩៩៩ និងទី៤. សិស្សឈ្មោះ ទីវ ឧស្សាហ៍ មកពីវិទ្យាល័យប៊ែលធីអន្តរជាតិសាខាទី៨ ទទួលបានពិន្ទុ ៩៩,៩៩៧៕

អត្ថបទដែលជាប់ទាក់ទង