ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបគម្រប់ ៣៧ ឆ្នាំ នៃ ការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី

259

 

ភ្នំពេញ ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ ប្រកបដោយក្តីមោទនភាព យ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបគម្រប់ ៣៧ ឆ្នាំ នៃ ការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូត មកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ។

ជាការពិតណាស់ ក្នុងតួនាទីជាអត្ដមគ្គទេសក៍ដឹកនាំជាតិមាតុភូមិរយៈពេល ៣៧ ឆ្នាំ កន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្តី បានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាង “សន្តិភាព” ពេញបរិបូរណ៍ ផ្តល់ការអភិវឌ្ឍលើគ្រប់វិស័យ និងបន្តការពារអាយុជីវិតប្រជាជន ក្នុងកាលៈទេសៈនៃការរីករាលដាលជាសកល ជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការនានាដ៏មានប្រសិទ្ធភាព ហើយបច្ចុប្បន្នប្រទេស ជាតិយើងកំពុងវិលត្រឡប់ទៅរកការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញ លើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី។

បន្ថែមលើនេះ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ ខ្ពស់ចំពោះបញ្ហាសន្តិសុខក្នុងតំបន់ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមរបស់អាស៊ាន ហើយតាមរយៈដំណើរទស្សនកិច្ច ប្រកបដោយផ្លែផ្កា ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន បំពេញតួនាទីដ៏ល្អឥតខ្ចោះ ស្របតាមគោលការណ៍ឯកច្ឆ័ន្ទទាំង ៥ ចំណុចរបស់អាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិនៅ ក្នុងប្រទេសនេះ ជាពិសេសការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនទូទៅ៕

អត្ថបទដែលជាប់ទាក់ទង