ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងពលរដ្ឋខ្មែរ រំលែកទុក្ខចំពោះមរណភាពរបស់ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner

113



ភ្នំពេញ៖ ពាក់ព័ន្ធនឹងស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ដែលទទួលមរណភាព ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា បានសម្តែងនូវក្តីទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។

បើតាមផេកហ្វេសប៊ុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ៖ “សូម​ចូល​រួម​រំលែក​មរណៈ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ ជាមួយ​ប្រជានុរាស្ត្រ​កម្ពុជា​ទាំង​អស់​សូម​ដួង​វិញ្ញាណក្ខន្ធ​ លោក​វេជ្ជបណ្ឌិត​ Beat Richner បានទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​”។
លោក ហ៊ុន ម៉ានិត សរសេរថា៖លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ : លោកនឹងត្រូវបានការចងចាំជានិច្ច ពីប្រជាជនរបស់ប្រទេសកម្ពុជា ចំពោះការយកចិត្តទុកដាក់ដ៏ស្មោះ របស់លោក ចំពោះកុមារកម្ពុជា។ សូមដួងវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត បានទៅកាន់សុគតិភព។

លោកស សុខា សូមសំដែងការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ ៖ ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាសោក ស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់នូវអ្នក ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា គឺលោកវេជ្ជបណ្ឌិត Beat Richner ។
លោក Beat Richner ពិតជាបានលះបង់ទាំងកំលាំងកាយចិត្ត កៀរគរប្រមែប្រមូលសប្បុរស ជន បណ្តាប្រទេស ទូទាំងពិភពលោក និងទ្រព្យធនផ្ទាល់ខ្លួន ក្នុងបុព្វហេតុជួយដល់កុមារកំព្រាកម្ពុជា រាប់លាននាក់ ដែលមានជំងឺត្រូវការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ការលះបង់របស់លោកវេជ្ជបណ្ឌិត ពិតជាធំធេងមិនអាចកាន់ថ្លៃ និងមិនអាចបំភ្លេចបាន សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើងទាំងមូល ជានិច្ចនិរន្តរ៍ ។
អ្វីដែលកាន់តែមិនអាចកាត់ថ្លៃបានទៅទៀតនោះ គឺលោកមិនមែនជាជនជាតិខ្មែរ(ជនជាតិស្វីស) តែលោកបានលះបង់ជាច្រើនដើម្បីខ្មែរ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុម
គ្រួសារនៃសព និងសូមឲ្យដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner បានទៅកាន់សុគតិភព កុំបីខានឡើយ។
សូមបញ្ជាក់ថា ៖ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព កាលពីវេលាម៉ោង ២:៤៥ព្រឹក រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្នុងជន្មាយុ ៧១ឆ្នាំ នៅប្រទេសស្វីស ។

លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខថា ក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង២:៤៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត Beat Richner បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយពួកយើងជាប្រជាពលរដ្ឋខ្មែរ នឹងចង់ចាំជានិច្ចនូវគុណនូបការៈទាំងឡាយ របស់លោកវេជ្ជបណ្ឌិត Beat Richner ចំពោះកុមារ និងប្រជាពលរដ្ឋកម្ពុជា។

ចំណែកអ្នកអង្គម្ចាស់ Souma Sisowath បានថ្លែងថា នាងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដែលលោកBeat Richnerបានលាចាកលោកនេះហើយ លោកគឺជាទេវតារបស់ជីវិតកុមារកម្ពុជាជាច្រើន! រួមទាំងជីវិតកូនស្រីរបស់ខ្ញុំ ព្រោះតែភាពខិតខំប្រឹងប្រែង និង ចិត្តដ៏មហាល្អរបស់លោកទើបជីវិតកុមារកម្ពុជាជាច្រើន រួមទាំងកូនស្រីខ្ញុំ អាចជៀសផុតពីសេចក្តីស្លាប់ ដោយសារជំងឺកាចសាហាវ កូនស្រីខ្ញុំធំហើយ! លោកBeat Richner នេះគឺដោយសារលោក , នាងខ្ញុំជាម្តាយរួមទាំងកុមារាកុមារីខ្មែរ ជាច្រើន សូមឧទ្ទិសកុសលផលបុណ្យ សូមលោកBeat Richner បានសោយសុខនៅទីស្ថានដ៏ខ្ពង់ខ្ពស់! ដោយសេចក្តីគោរពស្រឡាញ់បំផុតពីខ្ញុំ , ចងចាំដឹងគុណចំពោះលោកBeat Richner ជារៀងរហូត! I always remember you Dr Beat Richner We all Love you Rest in peace ។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា ខ្ញុំបាទនិងមន្រ្តីរាជការ រួមជាមួយប្រជាពលរដ្ឋទូទាំងខណ្ឌ សូម​ចូល​រួម​រំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ ចំពោះលោកវេជ្ជបណ្ឌិត្យ Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ហើយបានទទួលមរណភាពកាលពីរសៀលថ្ងៃទី៩ កញ្ញា និងសូមគោរពបួងសួងឲ្យ ដួង​វិញ្ញាណក្ខន្ធ​ លោក​វេជ្ជបណ្ឌិត​ បានទៅ​កាន់​សុគតិភព ​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

ចំណែកលោក Delux Leang ដែលជាអ្នកកាសែតល្បីមួយរូប បានថ្លែងថា Dr.MD Beat Richner៖​ កុមារគ្រប់រូប​ ទាំងអ្នកមកពីគ្រួសារក្រីក្រ​ និងទាំងអ្នកមកពីគ្រួសារអ្នកមាន​ទ្រព្យ ត្រូវមានសិទ្ធិទទួលបានការព្យាបាលត្រឹមត្រូវដូចគ្នា​ ជាមួយនឹងមធ្យោបាយ​ និងវិធីព្យាបាលដ៏មានប្រសិទ្ធភាព​ គ្រប់ពេលវេលា។ កុមារក្រីក្រដែលរស់នៅក្នុងប្រទេសក្រីក្រត្រូវតែទទួលបានការព្យាបាលដោយឥតបង់ថ្លៃ។
ដំបូន្មាននេះ​បានស្ថិតនៅក្នុង​ការ​ចងចាំ​របស់​គ្រូពេទ្យ​ដែលបំពេញ​ការងារ​នៅក្នុងគ្រប់សាខា​នៃមន្ទីរពេទ្យ​ គន្ធបុប្ជា​ទាំងអស់។
ទោះយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត​ជនជាតិស្វីស​បានបញ្ជាក់ថា ល្គឹកណាវាពុំមាន​អំពើពុករលួយ នោះ​ទើបបេសកកម្ម​នេះ​អាចទទួលបានជោគជ័យ។

ចំណែកអ្នកស្រី Khek Khemrath ក៏ជាអ្នកកាសែតផងដែរនោះ បានថ្លែងថា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញានេះ ក្នុងជន្មាយុ៧១ឆ្នាំ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរ។ សូមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ 🙁 កុមារកម្ពុជារាប់លាននាក់ត្រូវបានជួយសង្គ្រោះ ។ រូបថតខ្ញុំកាលច្រើនឆ្នាំកន្លងទៅនៅខេត្តសៀមរាប ។

ហ្វេសប៊ុក ឈ្មោះ ព្រះនាង សោមា បានសរសេរថា ប្រជាជនខ្មែរសូមចូលរួមសោកស្ដាយនឹងរំលែកទុក្ខដល់ចំពោះមនុស្សដ៏ល្អ Dr. Beat Richner . RIP You are my hero for Cambodian forever. I love you so much
នេះហើយជាគុណតំលៃនៃអំពើល្អពិតប្រាកដ។

ផេក Re-Ala Roun ក៏បានសរសេររំលែកទុក្ខថា Beat Richner លោកពិតជាហត់ហើយ លោកសម្រាកឲ្យសុខស្រួលទៅ។ រយៈវេលជាច្រើនឆ្នាំដែលលោកបានលះបង់ចិត្ត បេះដូង និងពេលវេលាដើម្បីកុមារកម្ពុជា រហូតដល់ជីវិតចុងក្រោយ របស់លោក ឥឡូវលោកបានសម្រាកហើយ។ រូបលោកនឹងស្ថិតនៅក្នុងបេះដួងប្រជាជនខ្មែរ គ្រប់រូប ដែលគ្មានថ្ងៃបំភ្លេចបាន
សូមឲ្យដួងវិញ្ញាណរបស់លោកឲ្យបានទៅដល់ស្ថានស្ងប់សុខ។

ចំណែក កញ្ញា Sokhanin Sarum ដែលជាពិធីការិនីទូរទស្សន៍ បានរំលែកទុក្ខតាមរយៈសារលើផេកហ្វេសប៊ុកថា “នេះជារូបថតអនុស្សាវរីយ៍តែមួយគត់សម្រាប់ជីវិតរបស់ខ្ញុំជាមួយនឹង លោកវេជ្ជបណ្ឌិត Beat Richner កាលពីឆ្នាំ2014។ នាងខ្ងុំសូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ ជាមួយ​ប្រជាជនកម្ពុជា​ទាំង​មូល​។ សូម​ដួង​វិញ្ញាណក្ខន្ធ​ លោក​វេជ្ជបណ្ឌិត​ Beat Richner បានទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។​
ទេវតាកុមារកម្ពុជាគឺជាស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ។ លោកទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។
លោក ម៉ម ប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងនាព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត Beat Richner។សូមវិញ្ញាណក្ខ័ន្ធរបស់លោកឆាប់ឈោង ចាប់កំណើតក្នុងទីឋានសុគតិភព ហើយបើមានជាតិក្រោយពិត សូមលោកមកចាប់ជាតិក្នុងទឹកដីកម្ពុជាក្លាយជាជនជាតិខ្មែរ។
មរណះរបស់លោកធ្វើឱ្យប្រជាពលរដ្ឋប្រទេសកម្ពុជា មានការអាឡោះអាល័យលោកណាស់។

បើតាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ការសោកស្តាយជាអនេកនិងការចូលរួមមរណ:ទុក្ខរបស់ក្រសួងសុខាភិបាល​ចំពោះការបាត់បង់ឥស្សរជនមនុស្សធ៌មដ៏ឆ្នើមក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជាពីជំងឺដង្កាត់ផ្សេងៗ​៖

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ បានទទួលព័ត៌មានប្រកបដោយក្តីរន្ធត់ក្រៀមក្រំជាទីបំផុត​ អំ​ពីមរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ (Prof. Dr. Beat Reachner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា​ កាលពីព្រឹកថ្ងៃអាទិត្យ​ ទី៩​ ខែកញ្ញា​ ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ)​ ក្នុងជន្នាយុ​ ៧១​ ឆ្នាំ​ ដោយរោគាពាធ​ នៅប្រទេសស្វីស។

លោកសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ តាងនាមឲ្យថ្នាក់ដឹកនាំ​ បុគ្គលិក​-មន្ត្រីសុខាភិបាល​ លោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល​ ជាពិសេសនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់​ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់​ សូមសំដែងនូវការសោកស្តាយជាទីបំផុតចំពោះមរណភាព និងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ​ ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជន ជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ​ តែជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា​ និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។ ២៥ឆ្នាំកន្លងទៅនេះ​ លោកវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ បានបង្កើតស្នាដៃមនុស្សធម៌ដ៏ធំធេង នៅក្នុងប្រវត្តិនៃការអភិវឌ្ឍន៌វិស័យសុខាភិបាលកម្ពុជា ក្រោយពីថ្ងៃរំដោះ​ ៧​ មករា​ ១៩៧៩មក​ គឺការបង្កើត​ ពង្រីក​ និងអភិវឌ្ឍ​មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តសៀមរាប​ ហើយឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ បានបង្ហាត់បង្ហាញដឹកនាំការពិនិត្យព្យាបាលជំងឺកុមារនៅកម្ពុជា​ ទោះជាស្ថិតនៅក្នុងដំណើរដ៏លំបាកលំបិនក៏ដោយ​ ក៏ ឯកឧត្តមមសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ មិនរួញរាឡើយ​ ថែមទាំងបានលះបង់ទាំងកម្លាំងកាយ​-ចិត្ត​ ប្រាជ្ញា​ ស្មារតី​ តំរិះវេជ្ជសាស្រ្ត​ និងសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ​ ព្រមទាំងស្វែងរកនិងប្រមូលវិភាគទានសម្រាប់ប្រតិបត្តិការ មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា ដោយកម្លាំងផ្ទាល់ខ្លួន ដោយមិនមានការនឿយហត់​ ដើម្បីសុខភាពកុមារកម្ពុជា។ ទង្វើខាងលើរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ គឺពិតជាគំរូវីរភាពដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ​ ហើយតាមរយ:ស្នាដៃរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ខាងលើនេះ​ដែរ កុមារកម្ពុជាជាច្រើននាក់ ទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ​ ហើយសមិទ្ធផល ដែលបានកើតចេញពីស្នាដៃរបស់ ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ នៅលើទឹកដីកម្ពុជានេះ​ និងពិតជាបានបន្សល់ទុកឲ្យជាផលប្រយោជន៍ សម្រាប់កុមារកម្ពុជាជាបន្ត​ និងនៅស្ថិតស្ថេរជានិរន្តរ។ យើងនិងខិតខំបន្តនូវបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ជាបន្តទៀត​ ដើម្បីសុខភាពកុមារកម្ពុជា​ មិនឲ្យសាបសូន្យឡើយ។

លើសពីនេះ​ យើងខ្ញុំទាំងអស់គ្នា​ និងចារិកទុកក្នុងចិត្តនូវទង្វើមនុស្សធម៌ដ៏ល្អប្រពៃ របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ដូចបានរៀបរាប់ខាងលើ​ និងដើម្បីជាសក្ខីភាពនៃការគោរពនូវវីរភាព របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានចាត់ចែងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ​ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង៣:០០​រសៀល។
យើងខ្ញុំទាំងអស់គ្នា​ សូមសំដែងនូវក្តីសោកស្តាយជាខ្លាំង រកអ្វីប្រៀបផ្ទឹមពុំបានឡើយ​។ យើងខ្ញុំទាំងអស់គ្នា​ សូមចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសពឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ហើយយើងខ្ញុំទាំងអស់គ្នា​ សូមលើកដៃប្រណំបួងសួងជូនវិញ្ញាណខ័ន្ទឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕




អត្ថបទដែលជាប់ទាក់ទង