ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុកម៉ូតូមិន​បាន​ដក​កូនសោរ​​ចេញ ​ត្រូវចោរលួច ​នៅ​ចំណុច​ផ្សារ​ព្រែក​តូច​

316

កណ្តាល ៖ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ វេ​ង​ហុង​ សុខ​ហ័​ង​ ដែល​បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ មាន​ខ្លឹមសារ​ថា​៖​ ខ្ញុំ​បាន​បាត់​ម៉ូតូ​ Honda​ 021​ មាន​ស្លាក​លេខ​ 1AM-4587​ ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២២​ ដោយ​មាន​ភស្តុ​តាង​ចោរ​ពី​កាមេរ៉ា​សុវត្ថិភាព​ ជិះ​កង់​ពណ៌​លឿង​ ដោយ​បាន​លួច​ម៉ូតូ​រួច​ទុក​កង់​នៅ​កន្លែង​កើតហេតុ​ ដោយ​មាន​ភិនភាគ​និង​ភស្តុ​តាង​ចោរ​ហើយ​តែ​មិន​អាច​រក​ឃើញ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​ស្នងការ​ជួយ​ខ្ញុំ​ផង​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ។​ លោក​អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​បញ្ជា​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល​ ឲ្យ​ចុះ​ស្រាវជ្រាវ​ករណី​ខាងលើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​។​

​ជា​លទ្ធផល​ ៖​ នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល​ បាន​ស្រាវជ្រាវ​បំភ្លឺ​ឲ្យ​ដឹង​ថា​ ៖​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៨​ និង​០០​នាទី​ ឈ្មោះ​ លាង​ តិច​អ៊ី​ម​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ បាន​ទៅ​ទិញ​ឥ​វ៉ា​ន់​នៅ​ផ្សារ​ព្រែក​តូច​ ដើម្បី​យក​មក​លក់​ ។​ លុះដល់​ម៉ោង​ប្រហែល​ម៉ោង​៩​និង​០៨​នាទី​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​តូប​លក់​(​មិន​បាន​ដក​កូនសោរ​ម៉ូតូ​ចេញ​)​ក៏​បាន​រើ​អីវ៉ាន់​ចេញពី​ម៉ូតូ​ ។​ ពេល​នោះ​ក៏​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស​ អាយុ​ប្រហែល​ ២០​ឆ្នាំ​(​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​)​បាន​ជិះ​កង់​០១​គ្រឿង​ពណ៌​ទឹកក្រូច​ស្រទប​មុខ​និង​ក្រោយ​ពណ៌​ទឹកប្រាក់​កែប​ពណ៌​ខ្មៅ​យក​មក​ទុក​កៀន​តូប​រួច​ក៏​បាន​លួច​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ C125​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​ ២០២១​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1AM.4587​ ជា​របស់​ជន​រង​គ្រោះ​ជិះ​ទៅ​បាត់​ ។​

​លុះដល់​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២២​ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល​ ។​ ចំពោះ​ករណី​ខាងលើ​នេះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល​ និង​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ កំពុង​ស្រាវជ្រាវ​ និង​កំណត់​មុខសញ្ញា​ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី​ ។​

អត្ថបទដែលជាប់ទាក់ទង