រាជរដ្ឋាភិបាលកម្ពុជា CDC ចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនឯកជនចំនួន២បន្ថែមទៀត
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនឯកជនចំនួន២បន្ថែម ក្នុងទំហំទឹកប្រាក់ប្រមាណ២០លានដុល្លារ ជាមួយឪកាសវិនិយោគរាប់ពាន់កន្លែង ។
យោងតាមហ្វេសបុកផ្លូវការរបស់CDC ដែលបានចេញផ្សាយក្នុងខែមករានេះ បានបង្ហាញថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- YH FINE MATERIALS CO., LTD: គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង។
២- MASTERY (MFG) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៧កន្លែង។
គួរបញ្ជាក់ថា កាលពីសប្តាហ៍ទី១ ដើមខែមករានេះ CDC ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនឯកជនប្រមានណ៧ទៀតផងដែរ ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជាមួយនឹងឪកាសការងារជាច្រើនផងដែរ បើទោះបីកម្ពុជា ស្ថិតក្នុងបរិបថកូវីដ១៩យ៉ាងណាក្តី៕ សំរិត