លោកទូត ឡុង ឌីម៉ង់ ជម្រុញឱ្យខ្មែរគ្រប់រូបដែលរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េនេះ តាំងខ្លួនជាទូតរបស់កម្ពុជាឲ្យបានល្អរៀងៗខ្លួន
ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារស្ថានទូត ចុះរៀបចំកម្មវិធីបន្ដសុពលភាពលិខិតឆ្លងដែនដល់ទីកន្លែង ដើម្បីអនុវត្តយន្ដការរបស់រាជរដ្ឋាភិបាលជូនៃការបង្ខិតសេវាឱ្យគៀកជិតដល់ប្រជាពលរដ្ឋខ្មែរ ។
មន្ត្រី ទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអោយដឹងថា ក្រុមការងារនេះបានធ្វើឡើងនៅទីក្រុងអ៊ុលសាន(តំបន់ភាគខាងត្បូង ចម្ងាយប្រមាណជិត ៤០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល) ដោយបន្ដសុពលភាពលិខិតឆ្លងដែនបានចំនួន ១១៨នាក់។ក្នុងនោះ បន្ទាប់ពីបានទស្សនាការសម្ដែងសិល្បៈចម្រៀងបទ “មោទនភាពជាតិខ្មែរ” របស់សមាគមខ្មែរដែលចូលរួមសម្ដែងពីគ្រប់ស្រទាប់ រួមមានអនិកជនខ្មែរ និស្សិត និងពលករខ្មែរ ដែលបានឆ្លៀតពេលវេលាពីកិច្ចការមមាញឹកប្រចាំថ្ងៃ ជួបជុំគ្នាហ្វឹកហាត់ ឬហាត់តាម Youtube ដើម្បីចូលរួមអភិរក្ស និងលើកស្ទួយមរតកវប្បធម៌របស់ជាតិនៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ ។
លោកទូត ឡុង ឌីម៉ង់ បានថ្លែងទៅកាន់ក្រុមសិល្បៈ និងអ្នកចូលរួមដោយទឹកមុខរំភើប រីករាយ លើកទឹកចិត្ត និងជម្រុញឱ្យខ្មែរគ្រប់រូប ដែលរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េនេះ តាំងខ្លួនជាអង្គទូតរបស់កម្ពុជា ដើម្បីចូលរួមលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ។
កម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុង ប៉ូលីស និងមជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំតំបន់ផងដែរ៕