ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ធ្វើដំណើរ ដល់ខេត្តព្រះសីហនុ ដើម្បីបើកវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅល្ងាចនេះ

40

 

ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរដល់ខេត្តព្រះសីហនុហើយ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃនេះ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) បាននិងកំពុងរៀបចំឡើងជាបណ្ដើរៗហើយចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ»។

តាមការបញ្ជាក់ពីឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងព្រឹត្តិការណ៍ ATF 2022 នេះ នឹងមានប្រតិភូជាតិ-អន្តរជាតិចូលរួមកិច្ចប្រជុំដោយផ្ទាល់ប្រមាណ១០០រូប (អន្តរជាតិ៨០រូប)។ ចំណែកការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំដែលនោះក៏នឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូលមានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស។

ទិដ្ឋភាពទូទៅនៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍នេះ គេឃើញមានកងកម្លាំងសមត្ថកិច្ចកំពុងប្រចាំការការពារសុវត្ថិភាព សម្រួលចរាចរណ៍ សន្តិសុខ និងសណ្ដាប់ទាំងនៅតាមដងផ្លូវ នៅលើផ្ទៃសមុទ្រ នៅមុខនិងនៅក្នុងសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ដែលជាទីតាំងប្រារព្ធកម្មវិធីនេះ។

ចូលទៅក្នុងបរិវេណសណ្ឋាគារឆ្នេរសុខា គេឃើញមានការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (Rapid test) ដើម្បីបង្ការការពារសុវត្ថិភាពសុខាភិបាលអ្នកចូលរួមក្នុងកម្មវិធីទាំងមូល ពោលគឺគ្រប់អ្នកចូលរួមទាំងអស់គ្មានម្នាក់ណាគេចវេចពីកាតព្វកិច្ចសុខាភិបាលនេះបានឡើយ។

គណៈប្រតិភូថ្នាក់រដ្ឋមន្ត្រី អ្នកលក់ (Buyers) អ្នកទិញ (Sellers) អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងក្រុមការងារគ្រប់ផ្នែកក៏កំពុងធ្វើដំណើរចូលទៅក្នុងទីតាំងរៀបចំកម្មវិធី និងទីកន្លែងប្រចាំការរៀងៗខ្លួន ជាមួយនឹងទិដ្ឋភាពមមាញឹកគួរសម។

ចំណែកនៅក្នុងសាលធំៗ និងអគារមួយចំនួន គេឃើញមានក្រុមការងារកំពុងមមាញឹកនឹងការរៀបចំស្ដង់ពិព័រណ៍ និងឆាកកម្មវិធីនានា ខណៈស្ដង់មួយចំនួនធំក៏បានរៀបចំរួចរាល់ផងដែរ។ តាមរយៈស្ដង់ទាំងនេះគេឃើញមានរំលេចបង្ហាញនូវគោលដៅទេសចរណ៍នៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ាន។

ចំពោះកិច្ចប្រជុំសំខាន់ៗសម្រាប់ថ្ងៃទី១៧ ខែមករានេះដែរ រួមមាន៖

-នៅម៉ោង ១៖០០នាទី ដល់ ២៖១៥នាទីរសៀល មានកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ នៅសណ្ឋាគារឆ្នេរសុខា។

– នៅម៉ោង ២៖១៥នាទី ដល់ ៣៖០០នាទីរសៀល មានកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២១ នៅសណ្ឋាគារឆ្នេរសុខា។

– នៅម៉ោង ៣៖៣០នាទីរសៀល ដល់ ៤៖១៥នាទីល្ងាច មានកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី៩ នៅសណ្ឋាគារឆ្នេរសុខា។

– នៅម៉ោង ៤៖១៥នាទី ដល់ ៥៖០០នាទីល្ងាច មានកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៉ីលើកទី១ នៅសណ្ឋាគារឆ្នេរសុខា៕

អត្ថបទដែលជាប់ទាក់ទង