ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពីមានការបកស្រាយពន្យល់ ពីអាជ្ញាធររាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ អ្នកតវ៉ា មកពីសង្កាត់បឹងកក់២ បានឯកភាព ដោយអនុវត្តតាមគោលការណ៍ ណែនាំ របស់អាជ្ញាធរ

52

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមករានេះ ឯកឧត្តម កើត ឆែ , ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ អ្នកតវ៉ាមកពីសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ប្រម៉ាណ៣០នាក់ ពាក់ព័ន្ធនិងរឿងដីធ្លី ផ្ទះសំបែង របស់ពួកគាត់។

នាឱកាសនោះ ឯកឧត្តម អភិបាលរងទាំងពីររូប បានពន្យល់ ពីគោលការណ៍និងចំណុចមួយចំនួន ដោយសូមឲ្យបងប្អូនរក្សាស្ថានភាពដើមដដែល កុំមានការជ្រួលច្របល់ ព្រោះអាជ្ញាធរមិនមានគោលការណ៍ ឬសេចក្តីណែនាំណាមួយ ពីការឲ្យបងប្អូនចាកចេញ ពីទីតាំងដែលបងប្អូនកំពុងរស់នៅនេះទេ។

ឯកឧត្តម កើត ឆែ និងឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងថា ក្នុងរយៈពេល ជាងពីរឆ្នាំកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចខណ្ឌ និងសង្កាត់ សុទ្ធតែជាប់ដៃមមាញឹក ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដូច្នេះយើងពុំទាន់មានគោលការណ៍ ណាមួយដើម្បីអភិវឌ្ឍន៍នៅចំណុច ដែលបងប្អូនកំពុងរស់នៅនេះទេ។

ឯកឧត្តមបន្តថា ៖ ឯកឧត្តម ឃួង ស្រេង តែងប្រកាន់យក គោលការណ៍ សិទ្ធិលំនៅដ្ឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះ ក៏ទទួលបានជោគជ័យជាច្រើនទីតាំង រួចមកហើយដែរ។ ម៉្យាងទៀត ការការពិភាក្សារកដំណោះស្រាយ ត្រូវមានភាគីពាក់ព័ន្ធ មានអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋ ដោយពិភាក្សាត្រង់ទៅត្រង់មក លើខ្លឹមសារដែលមិនប៉ះពាល់ផលប្រយោជន៍ ប្រជាពលរដ្ឋ ម៉្យាងទៀត ប្រសិនបើបងប្អូនមានការតវ៉ាណាមួយ ឬមិនទាន់យល់ច្បាស់ ពីគម្រោងអភិវឌ្ឍន៍ណាមួយនោះ បងប្អូនគួរតែធ្វើលិខិត មកសាលារាជធានីភ្នំពេញ ឬក៏ចាត់តំណាង មកពិភាក្សារកដំណោះស្រាយ ដោយការយោគយល់គ្នា។ ហើយការដោះស្រាយ ក៏មិនអាស្រ័យលើការញុះញង់បំផុសបំផុល ពីជនអគតិណាមួយ ដែលធ្វើឲ្យខូចប្រយោជន៍បងប្អូននោះដែរ។ ប៉ុន្តែរឿងសំខាន់នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញ មិនមានផែនការណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់បងប្អូននោះឡើយ។

ក្រោយពីការបកស្រាយពន្យល់ ពីឯកឧត្តមកើត ឆែ និងឯកឧត្តម មាន ចាន់យ៉ាដា រួចមកបងប្អូនប្រជាពលរដ្ឋ ដែលមកតវ៉ាដល់សាលារាជធានីភ្នំពេញ បានយល់ដឹងនិងសន្យា អនុវត្តតាមគោលការណ៍ណែនាំ ដូចខាងលើនេះ ដោយបងប្អូនយល់ថា រឿងហេតុកើតឡើងយ៉ាងណានោះ គ្មាននរណាអាចមកដោះស្រាយ បានជំនួសអាជ្ញាធរ និងប្រជាពលរដ្ឋនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង