ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោក អនុម័តជំនួយ ហិរញ្ញប្បទានជិត ៧០លានដុល្លារ ជួយវិស័យអប់រំ នៅកម្ពុជា

51

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានអនុម័តជំនួយហិរញ្ញប្បទាន សរុបចំនួន៦៩.២៥លានដុល្លារអាមេរិក ដែលក្នុងនោះ មានអំណោយពីអង្គការភាពជាដៃគូសាកល ដើម្បីការអប់រំ (Global Partnership for Education/GPE) ផងដែរ ដើម្បីជួយកម្ពុជា ក្នុងការធ្វើឲ្យកាន់តែប្រសើរ នូវលទ្ធភាពប្រកបដោយសមធម៌ ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងក្នុងការឆ្លើយតបឲ្យបានរហ័ស ទៅនឹងវិបត្តិនានាដែលប៉ះពាល់ ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។

សេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កញ្ចប់មូលនិធិថ្មីនេះ រួមមានទឹកប្រាក់ ចំនួន៦០លាន ដុល្លារអាមេរិក ដែលធនាគារពិភពលោក នឹងផ្តល់ជាឥណទានតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/IDA) និងចំនួន៩.២៥លានដុល្លារអាមេរិកទៀត ដែលជាជំនួយឥតសំណងពីអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ។

ហិរញ្ញប្បទាននេះ នឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ General Education Improvement Project (GEIP) ដែលមានរយៈពេលប្រាំឆ្នាំ ជាមួយគោលបំណងជួយកម្ពុជា ក្នុងការឈានទៅសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រនៃការអប់រំ ឆ្នាំ២០១៩-២០២៣ (Education Strategic Plan/ESP 2019-2023)។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងដូច្នេះថា «កម្ពុជាពិតជាបានសម្រេច សមិទ្ធផលធំៗច្រើន នៅក្នុងការពង្រីកលទ្ធភាព ទទួលបានការអប់រំ ប៉ុន្តែបញ្ហានៅបន្តមាននៅឡើយពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបាន ការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម មានដូចជា កុមាររស់នៅតាមតំបន់ដាច់ស្រយាល, កុមារក្នុងគ្រួសារក្រីក្រ ឬ ក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និងកុមារមានពិការភាព»

ជាងនេះទៀត លទ្ធផលនៃការរៀនចេះ របស់សិស្សបានរងការប៉ះទង្គិចយ៉ាងខ្លាំង នៅពេលដែលសាលារៀន ត្រូវបានបិទទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាត នៃជំងឺកូវីដ-១៩។

លោកស្រីបន្ថែមទៀតថា «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ នឹងរកដំណោះស្រាយដល់បញ្ហាប្រឈមទាំងនេះ និងស្តារការអប់រំឲ្យកាន់តែមានភាពប្រសើរឡើងវិញថែមទៀត»។

លោកស្រី អាលីស អលប្រាយ (Alice P. Albright) នាយិកាប្រតិបត្តិនៃអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ បានថ្លែងដូច្នេះថា «ការផ្តល់ជំនួយហិរញ្ញវត្ថុនេះគឺចំពេលដ៏សំខាន់ ក្នុងខណៈដែលវីរុសបំប្លែងនៃកូវីដ-១៩ កំពុងបង្កផលប៉ះពាល់កាន់តែអាក្រក់ ទៅលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក។ យើងសង្ឃឹមថា ជំនួយទាំងនេះ នឹងជួយកម្ពុជាឲ្យបន្តពង្រីកលទ្ធភាព ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងធានាយ៉ាងណាឲ្យកុមារក្នុងក្រុមងាយរងគ្រោះបំផុតបានចូលសាលារៀន និងទទួលចំណេះដឹងផង»

គម្រោងនេះមានសកម្មភាពធំៗ ដូចជា ការអនុវត្តកម្មវិធីគ្រប់គ្រងនៅតាមសាលារៀន, ការផ្តល់ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន ថ្នាក់ដឹកនាំសាលា គ្រូបណ្តុះបណ្តាល និងបុគ្គលិកសិក្សា, និងការកែលម្អបរិយាកាសរៀន ឲ្យប្រសើរឡើងថែមទៀត។

គម្រោងនេះ មានការសាងសង់ និងស្តារជួសជុលឡើងវិញ នូវអគារសិក្សា, មន្ទីរពិសោធន៍វិទ្យាសាស្ត្រ, ស្ថាប័នបណ្តុះបណ្តាលគ្រូ និងសាលាអប់រំពិសេស ហើយនិង តម្រូវការទិញគ្រឿងបរិក្ខារបច្ចេកវិទ្យាសម្រាប់ការអប់រំ និងការជួយដល់សិស្សមានពិការភាព រាប់ទាំងការវាយតម្លៃលើសភាព នៃពិការភាពនីមួយៗផង។ ក្រៅពីនេះ គម្រោងនៅមានការសាកល្បង កម្មវិធីអប់រំបច្ចេកវិទ្យាមួយ (EdTech) សម្រាប់មុខវិជ្ជាគណិតសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង